នាព្រឹកថ្ងៃអង្គារ ១១ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី "ការពង្រឹងបច្ចេកទេសសន្ធានកម្ម ដល់មន្រ្តីការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋានក្រុង ស្រុក"។ កម្មវិធីនេះ មានការអញ្ជើញចូលរួមជាគណៈអធិបតីរួមមាន លោក សៀង ហ៊ី អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី, ឯកឧត្តម សុខ បូរ៉ា ប្រធាននាយកដ្ឋាន អមដោយថ្នាក់ដឹកនាំនាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនិងជំនួយផ្នែកច្បាប់ និងមានសិក្ខាកាមចូលរួមសរុបចំនួន ៦៦ រូប ជាមន្ត្រីនៃការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន មកពីក្រុង ស្រុក ទាំង២៣ នៃរដ្ឋបាលខេត្តកណ្តាល និងខេត្តតាកែវ។ វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងសំខាន់ៗចំនួន ២ ដូចខាងក្រោម៖
ទី១-ផ្តល់ការបណ្តុះបណ្តាលលើបច្ចេកទេសសន្ធានកម្ម ដល់មន្ត្រីនៃការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ដែលជាតួអង្គប្រតិបត្តិផ្ទាល់ក្នុងការផ្តល់សេវាសម្រុះសម្រួលដោះស្រាយវិវាទជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបង្កើននូវសមត្ថភាព ការយល់ដឹង និងជំនាញជាក់លាក់
ទី២- ចូលរួមគាំទ្រដល់ការអនុវត្តកម្មវិធីនយោបាយអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន វិមជ្ឈការ និងវិសហមជ្ឈការ ដែលសំដៅផ្ទេរសិទ្ធ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅជិតប្រជាពលរដ្ឋក្នុងការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិអំណាច និងធនធានទាំងនោះសម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។