ភ្នំពេញ៖ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការ ការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដួចផ្ដើមនិងផ្ដល់គោលការណ៍អនុញ្ញាតឲ្យរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណរៀងរាល់ឆ្នាំ ចាប់ពីខែតុលា ឆ្នាំ២០២៤ តទៅ ដែលស្រដៀងនឹងការប្រកួតកីឡាយុទ្ធចម្រុះជើងឯកអាស៊ី (AMMA) ដែរ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនបុរាណខ្មែរ ជាពិសេសផ្សព្វផ្សាយឲ្យពិភពលោកដឹងថា កម្ពុជាមិនមែនមានក្បាច់គុនបុរាណត្រឹម ២ឬ៣ នោះទេ៕