ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោកជំទាវ ប៉ែន សុមេធា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដេីម្បីស្រ្តី បានចូលក្រាបបង្គំគាល់ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៨ ព្រះវស្សា យាងចូល ៨៩ ព្រះវស្សា និងទូលថ្វាយនូវរបាយការណ៍វឌ្ឍនភាព ការងារឆ្នាំ២០២៣ និងផែនការសកម្មភាពឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី

     ថ្ងៃពុធ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានព្រះបរមរាជាអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីចំនួន ៥០រូប ដឹកនាំដោយលោកជំទាវ កិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីនិងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដេីម្បីស្ត្រីចូលក្រាបបង្គំគាល់ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៨ ព្រះវស្សា យាងចូល ៨៩ ព្រះវស្សា និងទូលថ្វាយនូវរបាយការណ៍វឌ្ឍនភាព ការងារឆ្នាំ២០២៣ និងផែនការសកម្មភាពឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ។ លោកជំទាវ អុឹង កន្ថាផាវី បានទូលថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នូវ (១) ការរៀបចំជាថ្មីនៅព្រះរាជក្រឹត្យស្ដីពីការបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី (ក.ជ.ក.ស.) (2) សមាសភាពរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីដែលមាន អនុប្រធានចំនួន៦រូប និងសមាជិក ចំនួន ៣៧រូប មកពី៣៧ ក្រសួង ស្ថាបន័ បើធៀបនឹងអាណត្តិមុនមានតែ២៤ ក្រសួង ស្ថាប័ន (៣) របាយការណ៍សង្ខេបអំពីវឌ្ឍនភាពការងារឆ្នាំ២០២៣ និងផែនការសកម្មភាពឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គកោតសរសើរការខិតខំប្រឹងប្រែងរបស់ ក.ជ.ក.ស. ដែលសម្រេចលទ្ធផលការងារដូចដែលបានលើកក្នុងរបាយការណ៍ និងគាំទ្រអនុសាសន៍ណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានកិត្តិយសទី១ និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា អនុប្រធានកិត្តិយសទី២ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដើម្បីបន្តដោះស្រាយបញ្ហាសេសសល់ និងបញ្ហាប្រឈមថ្មីៗសម្រាប់ស្រ្តី៕