ភ្នំពេញ៖ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ នៅវិទ្យាស្ថានជាតិបច្ចេកទេសកម្ពុជា។ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការចូលជាសមាជិកនៃបណ្ដាញសាកលវិទ្យាល័យនេះគឺ ដើម្បីជាប្រយោជន៍ដល់ការស្រាវជ្រាវនិងការសិក្សារបស់និស្សិតរបស់កម្ពុជា។ បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក) ត្រូវបានបង្កើតឡើងក្នុងគោលបំណង បន្តនិរន្តរភាពនៃការបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សាក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងក្រោយពេលមានវិបត្តិ, ពង្រឹងគុណភាពនៃការបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ដោយប្រើប្រាស់នូវផ្ទាលអបរំឌីជីថលរួមគ្នា និងចែករំលែកការប្រើប្រាស់ ឱ្យអស់លទ្ធភាពនូវធនធានហេដ្ឋារចនាសម្ព័ន្ធ និងធនធានសិក្សាក្នុងចំណោមសាកលវិទ្យាល័យ ជាសមាជិក, ផ្តល់លទ្ធភាពក្នុងការផ្ទេរឥណទានសិក្សារវាងសាកលវិទ្យាល័យជាសមាជិក និង បើកចំហធនធានសិក្សាទៅកាន់អ្នកសិក្សាក្នុងតំបន់និងសាកលលោក។ គិតចាប់ពីឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ន បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជាមាន គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនចំនួន ១២ បានចូលជាសមាជិក៕