នៅថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤, ដោយទទួលបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង យុត្តិធម៌ , អគ្គនាយកដ្ឋាន កិច្ចការរដ្ឋប្បវេណី បាន រៀបចំធ្វេីសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ប្រកាស ស្តីពីការផ្តល់អាជ្ញាបណ្ណជាអភិបាលបណ្តោះអាសន្ន ក្នុងសំណុំរឿងក្ស័យធន” ដោយសហការជាមួយក្រុមហ៊ុនមេធាវី អេច ប៊ី អេស (HBS LAW) នៅសណ្ឋាគារ ហៃយ៉ាត រីជិនស៊ី រាជធានីភ្នំពេញ។ សិក្ខាសាលា នេះ ត្រូវបានប្រព្រឹត្តទ្បេីងក្រោមអធិបតីភាព ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងដោយមានការអញ្ជេីញចូលរួមជាគណ:អធិបតីពី ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក កិច្ចការរដ្ឋប្បវេណី, ឯកឧត្ដម សេង លាង ប្រធាន សាលាដំបូង ខេត្តបន្ទាយមានជ័យ , ឯកឧត្ដម លី តៃសេង នាយកប្រតិបត្តិក្រុមហ៊ុនមេធាវី និងមន្ទីរសាការការី អេច ប៊ី អេស និងជាអភិបាលបណ្តោះអាសន្ន, ឯកឧត្ដម អ៊ុក រី ជាអភិបាលបណ្តោះអាសន្ន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីជំនាញនៃក្រសួងយុត្តិធម៍, តំណាងក្រសួង ពាណិជ្ជកម្ម , តំណាងនិយ័តករអាជីវកម្មអចលនទ្រព្យ និងបញ្ចាំ, អភិបាលបណ្តោះអាសន្ន, មេធាវី, សារការី, មជ្ឈត្តករ និងវិស័យឯកជន សរុបប្រមាណជាង ១០០ រូប ផងដែរ។ ថ្លែងក្នុងពិធីនេះ, ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ បានគូសបញ្ជាក់ថា គោលបំណងនៃការរៀបចំនូវសិក្ខាសាលានេះឡើង គឺដើម្បីផ្សព្វផ្សាយ នូវប្រកាសស្តីពីការផ្តល់អាជ្ញាបណ្ណជាអភិបាលបណ្តោះអាសន្ន ដែលក្រសួងយុត្តិធម៌ទើបបានចេញ កាលពីពេលថ្មីៗនេះ ជូនដល់ ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ សំដៅបង្កេីនការស្វែង យល់ និងការចូលរួមអនុវត្ត ប្រកាសដ៏សំខាន់នេះ ក្នុង គោល បំណង ធានាប្រសិទ្ធភាពនៃការអនុវត្តនូវវិធានខាងលើ។ តាមរបៀបវារ: កំណត់ សិក្ខាសាលារយ:ពេលពេញមួយថ្ងៃនេះ បានប្រព្រឹត្តទៅ ដោយមាន :
- ការធ្វេីបទបង្ហាញពីខ្លឹមសារសំខាន់ៗ នៃប្រកាសស្តីពីការផ្តល់អាជ្ញាបណ្ណជាអភិបាលបណ្តោះអាសន្ន
- ការធ្វេីបទបង្ហាញពីគោលការណ៍គ្រឹះនៃច្បាប់ក្ស័យធន
- វេទិកាពិភាក្សាអំពីកាលានុវត្តភាព និងបញ្ហាប្រឈមនៃច្បាប់ក្ស័យធន ដោយមន្ត្រីជំនាញ និងថ្នាក់ដឹកនាំនៃអគ្គនាយក ដ្ឋានកិច្ចការរដ្ឋប្បវេណី និងវាគ្មិន កិត្តិយស ដែលជាអ្នកជំនាញ និងអ្នកអនុវត្តផ្ទាល់លេីកិច្ចការក្ស័យធន ដេីម្បីបង្កេីនការយល់ដឹងពីខ្លឹមសារនៃប្រកាស, ការអនុវត្តនីតិវិធីក្ស័យធន និងសារ:សំខាន់នៃតួនាទីអភិបាលបណ្តោះអាសន្នក្នុងសំណុំរឿងក្ស័យធន។