បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ នៅព្រឹក ថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។ សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ ព្រមទាំង ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងលេខាធិការដ្ឋានរដ្ឋបាលសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ នៅទូទាំងប្រទេស សរុបប្រមាណ ១២០រូប ផងដែរ។ ថ្លែងក្នុងពិធីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនអង្គសិក្ខាសាលាអំពីគោលបំណងនៃការរៀបចំឡើងនូវសិក្ខាសាលាពិគ្រោះយោបល់នេះឡើង បើទោះបីជាសេចក្តីព្រាងច្បាប់នេះ ត្រូវបានដាក់ឆ្លងកិច្ចប្រជុំពិគ្រោះយោបល់ជាច្រើនលើកច្រើនសារជាមួយក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធក៏ដោយ ពោលគឺដើម្បីប្រមូលមតិយោបល់ និងធាតុចូលសំខាន់ៗបន្ថែមទៀតពីចៅក្រម និងព្រះរាជអាជ្ញា ដែលជាតួអង្គអនុវត្តផ្ទាល់ សំដៅធានាថាសេចក្តីព្រាងច្បាប់នេះ មានលក្ខណៈកាន់តែគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តច្បាប់នៅពេលដែលច្បាប់នេះត្រូវបានអនុម័ត និងប្រកាសឱ្យប្រើជាផ្លូវការ។ បន្ថែមពីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសរំលេចជូនអង្គសិក្ខាសាលាទាំងមូលផងដែរថា សេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យកនេះ គឺមានសារៈសំខាន់ណាស់សម្រាប់វិស័យយុត្តិធម៌ គឺដើម្បីបំពេញបន្ថែមនូវសេចក្តីត្រូវការចាំបាច់ក្នុងវិស័យព្រហ្មទណ្ឌ ក៏ដូចជា ដើម្បីដោះស្រាយនូវបញ្ហាប្រឈមចំពោះមុខជាក់ស្តែង ជាពិសេស ការកាត់បន្ថយបន្ទុកចំណាយក្នុងការគ្រប់គ្រងនិងរក្សាទុកវត្ថុចាប់យក, ការរក្សាតម្លៃសេដ្ឋកិច្ចនៃវត្ថុចាប់យក និងការការពារផលប្រយោជន៍ស្របច្បាប់របស់ម្ចាស់នៃវត្ថុចាប់យក ឬ បុគ្គលពាក់ព័ន្ធ ព្រមទាំង ដើម្បីចូលរួមការពារផលប្រយោជន៍សាធារណៈ និងដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវពាក់ព័ន្ធនឹងនៃការវាយតម្លៃអំពីការគ្រប់គ្រង ថែរក្សា និង ចាត់ចែងវត្ថុចាប់យកដែលត្រូវបានឃាត់ទុក ឬបង្កកជាបណ្ដោះអាសន្ន ឬ សម្រេចរឹបអូសក្នុងបទល្មើសសម្អាតប្រាក់។