នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការ នៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតបច្ចេកទេស ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាវិស័យយុត្តិធម៌ ឆ្នាំ២០២៥-២០២៧ និងផែនការសកម្មភាព ឆ្នាំ២០២៥ នៅទីស្តីការក្រសួងយុត្តិធម៌។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីប្រធាន/តំណាងអង្គភាពថវិកាថ្នាក់កណ្តាល នៃក្រសួងយុត្តិធម៌ និងអង្គភាពថវិកា នៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ នៅទូទាំងប្រទេស។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ណែនាំអំពីនីតិវិធីហិរញ្ញវត្ថុ និងកំណត់ទិសដៅការងារសំខាន់ៗជាអាទិភាព សំដៅជំរុញឱ្យការរៀបចំផែនការយុទ្ធសាស្រ្តថវិកាវិស័យយុត្តិធម៌ ឆ្នាំ២០២៥-២០២៧ និងផែនការសកម្មភាព ឆ្នាំ២០២៥ ព្រមទាំងការរៀបចំគម្រោងថវិកាប្រចាំឆ្នាំ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងគណនេយ្យភាព ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងវិស័យយុត្តិធម៌។