រសៀលថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ បានបន្តកិច្ចប្រជុំពិភាក្សាលើកទី៤២ នៃក្រុមការងារបច្ចេកទេសនេះដោយបន្តធ្វើការពិភាក្សាលើរបៀបវារៈចំនួន ២ រួមមាន៖
(១)-ការពិភាក្សាអំពីគោលដៅអប់រំនៅក្នុងវិស័យរដ្ឋប្បវេណី សម្រាប់សិស្សចៅក្រម
(២)-កិច្ចពិភាក្សាបន្តស្តីពីសៀវភៅមេរៀនស្តីពីការលែងលះ លើផ្នែកករណីសិក្សា។
បន្ថែមពីនេះ សមាជិកនៃក្រុមការងារបច្ចេកទេសទាំងអស់ បានយកឱកាសនៃកិច្ចប្រជុំលើកទី៤២នេះ ដើម្បីធ្វើការគោរពដល់វិញ្ញាណក្ខ័ន្តរបស់លោកសាស្ត្រាចារ្យ Murishima Akio ដែលបានទទួលមរណៈភាពនាពេលកន្លងទៅថ្មីៗនេះ ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយរោគាពាធ។ សូមបញ្ជាក់ថា លោកសាស្ត្រាចារ្យ គឺជាអតីតក្រុមការងារនៃគម្រោង JICA ជំហានទី១ និងជាសហស្ថាបនិកក្នុងការរៀបចំសេចក្តីព្រាងក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី ដែលបានបន្សល់ទុកនូវស្នាដៃជាច្រើននៅក្នុងវិស័យច្បាប់ផ្នែករដ្ឋប្បវេណីនៅប្រទេសកម្ពុជា។