ទីស្តីការក្រសួងយុត្តិធម៌៖ នៅថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំ ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំតុលាការនៅទូទាំងប្រទេស ដើម្បីណែនាំអំពីការអនុវត្តវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ក្នុងសំណុំរឿងដែលពាក់ព័ន្ធនឹងក្មេងទំនើង ដើម្បីរួមចំណែកក្នុងកិច្ចការបង្ការ និងទប់ស្កាត់សកម្មភាពរបស់ក្រុមក្មេងទំនើង សំដៅធានាការពារសណ្តាប់ធ្នាប់សាធារណៈ, សន្តិសុខសង្គម, សេចក្តីថ្លៃថ្នូររបស់សង្គមជាតិ និងភាពសុខសាន្តរបស់ប្រជាជន ស្របតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរ អំពីការបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តវិធានការច្បាប់ នៅក្នុងសំណុំរឿងក្មេងទំនើង ក៏ដូចជា សំណុំរឿងគ្រឿងញៀន, សំណុំរឿងចរាចរណ៍ និងសំណុំរឿងអត្រានុកូលដ្ឋាន ដែលសុទ្ធសឹងជាសំណុំរឿងអាទិភាព នៅក្នុងក្របខ័ណ្ឌនៃយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។