ទីស្តីការក្រសួងយុត្តិធម៌៖ នៅថ្ងៃអង្គារ ១៣ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “អ្នកជំនាញក្នុងវិស័យច្បាប់ និងយុត្តិធម៌” ដោយមានការចូលរួមពីឯកឧត្តម អ៉ិន បូផា នាយកសាលាភូមិន្ទក្រឡាបញ្ជី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា លោក បែន វិស្នូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ ឯកឧត្តម សៀង គង់ អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ និងលោក លោកស្រី តំណាងពីអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធសរុបចំនួន ៥៥នាក់។ ក្នុងសិក្ខាសាលានេះ ឯកឧត្តម អ៉ិន បូផា នាយកសាលាភូមិន្ទក្រឡាបញ្ជី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ក្នុងនាមជាវាគ្មិនកិត្តិយស បានផ្តល់បទបង្ហាញស្តីពីអ្នកជំនាញច្បាប់ និងយុត្តិធម៌ ដោយផ្តោតលើខ្លឹមសារសំខាន់ៗ រួមមាន៖
-និយមន័យអំពីវិជ្ជាជីវៈអ្នកជំនាញច្បាប់ និងយុត្តិធម៌ (ឬអ្នកជំនាញកោសលវិច័យ)
-តួនាទី និងមុខងារអ្នកជំនាញច្បាប់ និងយុត្តិធម៌
-ឯកទេសកម្មនៃអ្នកជំនាញច្បាប់ និងយុត្តិធម៌
-អ្នកដែលមានសមត្ថភាពក្លាយជាវិជ្ជាជីវៈអ្នកជំនាញច្បាប់ និងយុត្តិធម៌
-អាជីពអ្នកជំនាញច្បាប់ និងយុត្តិធម៌
-តម្រូវការអ្នកជំនាញច្បាប់ និងយុត្តិធម៌
-កន្លែងធ្វើការរបស់អ្នកជំនាញច្បាប់ និងយុត្តិធម៌
-គុណសម្បត្តិ និងគុណវិបត្តិនៃវិជ្ជាជីវៈអ្នកជំនាញច្បាប់ និងយុត្តិធម៌
-អនាគតនៃវិជ្ជាជីវៈអ្នកជំនាញច្បាប់ និងយុត្តិធម៌។
ទន្ទឹមគ្នានេះ លោក ង៉ូ សាឡុង ប្រធាននាយកដ្ឋានអ្នកបកប្រែ និងអ្នកជំនាញក្នុងវិស័យច្បាប់ និងយុត្តិធម៌ ក៏បានផ្តល់បទបង្ហាញស្តីពីបទប្បញ្ញត្តិពាក់ព័ន្ធនឹងអ្នកជំនាញក្នុងវិស័យច្បាប់ និងយុត្តិធម៌ផងដែរ។