នៅព្រឹកថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្តាលនៃក្រសួងយុត្តិធម៌ ចូលរួមកម្មវិធីបញ្រ្ជាបការយល់ដឹង និងវគ្គបណ្តុះបណ្តាលស្តីពី “ វិជ្ជាជីវៈលេីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាម FMIS ” តាមប្រព័ន្ធ Zoom រៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់ថ្នាក់ដឹកនាំនៃអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ ប្រធានអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ និងមន្ត្រីជំនាញ ក្នុងការអនុវត្តនីតិវិធី និងប្រើប្រាស់ FMIS ស្របតាមផែនការពង្រីកវិសាលភាពនៃការអនុវត្តគម្រោង FMIS ជំហានទី៣ សម្រាប់ឆ្លើយតបទៅនឹងបរិបទនៃការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មានថ្មីៗនៅលើសកលលោក និងឧត្តមានុវត្តន៍អន្តរជាតិ។
បន្ថែមលើនេះ វគ្គបណ្តុះបណ្តាលត្រូវបានរៀបចំក្នុងគោលបំណងសំខាន់ៗ ចំនួន ៣ គឺ៖
១- បង្កើនការយល់ដឹងជាមុនអំពីមុខងារនីមួយៗរបស់ប្រព័ន្ធ FMIS ដែលនឹងត្រូវបានប្រើប្រាស់ដោយអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ដើម្បីចុះប្រតិបត្តិការហិរញ្ញវត្ថុ និង ថវិកា ដែលខ្លួនទទួលសិទ្ធិ
២- ផ្តល់នូវការពន្យល់ជាលក្ខណៈរំហូរការងារលើការអនុវត្តនីតិវិធីចំណាយថវិកាចរន្ត, នីតិវិធីការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ, នីតិវិធីបង្កើត ឬ កែសម្រួលរជ្ជទេយ្យបុរេប្រទាន និង នីតិវិធីចលនាឥណទានថវិកាចរន្តតាមប្រព័ន្ធ FMIS ជូនដល់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ, និង
៣- បង្ហាញអំពីតម្រូវការចាំបាច់នានាពាក់ព័ន្ធនឹងការរៀបចំបញ្ជីឈ្មោះអ្នកដែលត្រូវប្រើប្រាស់ប្រព័ន្ធ និង ការដំឡើងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រព័ន្ធ ជាដើម ។ កម្មវិធីបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ នៃក្រសួង-ស្ថាប័ន ចំនួន ១១ និងមានអ្នកចូលរួមសរុបប្រមាណជាង ៣០០ រូប ។