ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

កម្មវិធីជិះកង់អង្គរលើកទី២ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ដែលដឹកនាំដោយ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រមូលបានថវិកាចំនួន ១ ៥០០ ០០០ ០០០ រៀល

     ខេត្តសៀមរាប៖ នៅថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ដែលជាទិវាសិទ្ធិកុមារអន្តរជាតិ, ក្រសួងយុត្តិធម៌ ដោយមានកិច្ចសហការពីក្រុមកីឡាសេនាយុត្តិធម៌ បានរៀបចំកម្មវិធីជិះកង់អង្គរលើកទី២ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, ចៅក្រម ព្រះរាជអាជ្ញានៃសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់, ថ្នាក់ដឹកនាំគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, មេធាវី, ក្រឡាបញ្ជី, អ្នកវិជ្ជាជីវៈច្បាប់, អាជ្ញាធរខេត្តសៀមរាប ព្រមទាំងសមាជិក សមាជិកានៃក្រុមកីឡាសេនាយុត្តិធម៌ និងតំណាងមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ដែលមានចំនួនសរុបប្រមាណ ៧០០ នាក់។ ក្រៅពីសកម្មភាពជិះកង់អង្គរដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) នេះ, ក្រសួងយុត្តិធម៌ និងក្រុមកីឡាសេនាយុត្តិធម៌ ក៏បានរៀបចំឱ្យមានកម្មវិធីដាំកូនឈើចំនួន ៥០០ ដើម នៅបរិវេណខាងត្បូងកស្សិណប្រាសាទអង្គរវត្ត ព្រមទាំងកម្មវិធីប្រកួតកីឡាបាល់ទាត់មិត្តភាពផងដែរ។ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា កម្មវិធីនេះរៀបចំឡើងក្នុងបុព្វហេតុសំខាន់ៗ ៣ចំណុច៖

បុព្វហេតុទី១-ឆ្លើយតបនឹងការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈយុទ្ធនាការ១ម៉ឺនរៀល១ម៉ឺននាក់ជួយដល់មន្ទីរពេទ្យគន្ធបុប្ឆា ដើម្បីជួយដល់កុមារកម្ពុជាជាទំពាំងស្នងឫស្សី។

បុព្វហេតុទី២-បង្ហាញកម្លាំងសាមគ្គីភាពនៅក្នុងវិស័យយុត្តិធម៌ដែលមានការចូលរួមពីបណ្ដាអ្នកច្បាប់ទាំងអស់បង្ហាញទឹកចិត្តរួមគ្នាចូលរួមសកម្មភាពសង្គមនិងធ្វើជាមិត្តដ៏ល្អរបស់មន្ទីរពេទ្យគន្ធបុប្ឆាដើម្បីជួយដល់កុមារកម្ពុជា។

បុព្វហេតុទី៣-បង្ហាញពីការជួបជុំដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព ភាតរភាព ដោយយកឱកាសដ៏ថ្លៃថ្លានេះធ្វើសកម្មភាពរួមគ្នាដើម្បីសង្គមរបស់យើង កុមាររបស់យើង។

     បន្ថែមពីនេះ, កម្មវិធីជិះកង់អង្គរនេះក៏ជាការរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍នៅខេត្តសៀមរាប ស្របតាមយុទ្ធនាការ "ទស្សនាសៀមរាបឆ្នាំ២០២៤" ដែលប្រកាសដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមកីឡាសេនាយុត្តិធម៌ និងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប ព្រមទាំងអាជ្ញាធរខេត្តសៀមរាប ដែលបានសហការរៀបចំកម្មវិធីជិះកង់អង្គរ លើកទី២ នេះ ប្រព្រឹត្តទៅដោយភាពរលូន ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកវិជ្ជាជីវៈតុលាការ និងអ្នកវិជ្ជាជីវៈច្បាប់ ព្រមទាំងសប្បុរសជនជាមិត្តនៃវិស័យយុត្តិធម៌ ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនដើម្បីជួយដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ដែលសកម្មភាពនេះគឺជាការចូលរួមចំណែកក្នុងបេសកកម្មដ៏មានសារៈសំខាន់របស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ក្នុងការជួយសង្គ្រោះអាយុជីវិតកុមារនៅកម្ពុជា ដែលនេះគឺជាកិត្តិយស និងមោទនភាពសម្រាប់អ្នកដែលបានចូលរួមទាំងអស់ ហើយ ឯកឧត្តម ក៏បានស្នើសុំឱ្យបន្តពង្រឹង និងពង្រីកស្មារតីនៃការចូលរួមនេះបន្តទៀត។