ភ្នំពេញ៖ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, រួមជាមួយ លោកជំទាវ ជា វាសនា និងឯកឧត្តម ឡុង គឹមឃន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគ កម្ពុជា និងពិធីពិសាអាហារសាមគ្គី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានលើកឡើងថាសមាគមថ្មីនេះ កើតចេញពីការផ្តួចផ្តើមរួមគ្នាដោយសមាគមចំនួន៩ រួមមាន៖ សមាគមស្បែកជើងកម្ពុជា, សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា, សភាពាណិជ្ជកម្មម៉ាទ្បេស៊ីនៅកម្ពុជា, សមាគមពាណិជ្ជកម្មកម្ពុជាខេមឈីន, សមាគមអភិវឌ្ឍន៍ពាណិជ្ជកម្មចិនស៊ីឈួនឆុងឈីងកម្ពុជា, សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា, សមាគមពាណិជ្ជកម្មកម្ពុជា អានហួយ, សមាគមពាណិជ្ជករនិងវិនិយោគិនខេត្តហ៊ូណាននៅកម្ពុជា និងសមាគមសហភាពអ្នកដឹកនាំ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ក្នុងរយៈពេលប្រាំខែ ដើមឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តគម្រោងចំនួន១២៨គម្រោង ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក ហើយនឹងអាចបង្កើតការងារបានជាង១០ម៉ឺនកន្លែងផងដែរ។ រាជរដ្ឋាភិបាលបានខិតខំដាក់ចេញនូវគោលដៅជាច្រើនដើម្បីលើកកម្ពស់ និងទាក់ទាញក្រុមអ្នកវិនិយោគមកពង្រីក និងដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែម ដោយជាក់ស្តែងចាប់ពីខែមករា ដល់ខែឧសភានេះ គឺសម្តេចបានអនុម័តលើគម្រោងវិនិយោគរហូតដល់១២៨គម្រោង ដែលមានទឹកប្រាក់ចំនួន២៥០០លានដុល្លារ និងបង្កើតការងារជូនពលរដ្ឋបានរហូតដល់១៣ម៉ឺនកន្លែង ឯណោះ៕