នៅព្រឹកថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ខាន់ វណ្ណៈ រដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ និងឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំសហការី និងមន្រ្តីជំនាញនៃអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៃក្រសួងយុត្តិធម៌ ចូលរួមក្នុងពិធី “ ប្រកាសដាក់ឱ្យអនុវត្តគម្រោង FMIS ទៅកាន់ការដ្ឋានបន្ថែមថ្មី និងប្រើប្រាស់សមិទ្ធផលថ្មីជាផ្លូវការ ” រៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ពិធីប្រកាសនេះ មានគោលបំណងឱ្យក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធបន្តចូលរួមអនុវត្តគម្រោង FMIS និងប្រើប្រាស់សមិទ្ធផលថ្មីៗបន្ថែមទៀតពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីអនុវត្តការងារតាម FMIS ទាំងស្រុង, មុខងារតាមដានប្រតិបត្តិការ, ស្ថានភាពអនុម័ត និងការអនុវត្តថវិកា និងរបាយការណ៍ស្តង់ដារួមនៅក្នុង FMIS ដែលបានរៀបចំរួចរាល់សម្រាប់ការប្រើប្រាស់ជាផ្លូវការ ស្របតាមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។