ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំដំបូងរបស់គណៈកម្មការទទួលបន្ទុកដឹកនាំរៀបចំការធ្វើវិសោធនកម្មច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និងវិស័យរដ្ឋប្បវេណី ដើម្បីពិភាក្សាលើការរៀបចំធ្វើវិសោធនកម្មច្បាប់ក្នុងវិស័យទាំង ២។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ និងនៃសាលាជម្រះក្តីជាន់ខ្ពស់ ផងដែរ។ ជាការងារចំពោះមុខ, ការធើ្វវិសោធនកម្មនេះនឹងផ្តោតទៅលើ ក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌ សម្រាប់វិស័យព្រហ្មទណ្ឌ ព្រមទាំងក្រមនីតិវិធីរដ្ឋប្បវេណី និងក្រមរដ្ឋប្បវេណី សម្រាប់វិស័យរដ្ឋប្បវេណី ហើយកិច្ចការបន្ទាប់នឹងផ្តោតទៅលើច្បាប់ដែលមានការពាក់ព័ន្ធបន្តទៀត។