ទីស្ដីការក្រសួងយុត្តិធម៌ ៖ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានទទួលជួប ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងជម្រាបលា មុនពេលដែលឯកឧត្តមឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិបេសកកម្មការទូតរបស់ខ្លួននៅកម្ពុជា។ ថ្លែងក្នុងជំនួបនេះ, ឯកឧត្តមឯកអគ្គរដ្ឋទូតបានរំលឹកឡើងវិញនូវសមិទ្ធផលធំៗជាច្រើនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការអនុវត្តច្បាប់ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា និងក្រសួងយុត្តិធម៌។ ឯកឧត្តមអគ្គរដ្ឋទូត បានសម្ដែងនូវអំណរគុណដល់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អដល់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ហើយដែលធ្វើឱ្យសម្រេចបានសមិទ្ធផលយ៉ាងច្រើនគួរជាទីមោទនៈ នាពេលកន្លងមក។ ជាការឆ្លើយតប, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវការគាំទ្រចំពោះសមិទ្ធផលធំៗដែលបានរំលឹកឡើងដោយ ឯកឧត្តម Patrick Murphy ហើយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការអរគុណចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អដល់ក្រសួងយុត្តិធម៌ ក៏ដូចជា អាជ្ញាធរអនុវត្តច្បាប់កម្ពុជាដទៃផ្សេងទៀតក្នុងក្របខ័ណ្ឌនៃការទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែននានា, ការទប់ស្កាត់និងបង្ក្រាបបទល្មើសផ្សេងទៀត រួមមាន បទល្មើសគ្រឿងញៀន បទល្មើសរំលោភបំពានលើកុមារ ព្រមទាំងជំនួយរបស់សហរដ្ឋអាមេរិកលើការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ ជាដើម។ ជាទីបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជូនពរ ឯកឧត្តមឯកអគ្គរដ្ឋទូត ឱ្យទទួលបានសុខភាពល្អ និងបន្តទទួលបានជោគជ័យក្នុងការបំពេញតួនាទីភារកិច្ចថ្មីរបស់ឯកឧត្តម នាពេលអនាគត។