ទីស្តីការក្រសួងយុត្តិធម៌៖ នារសៀលថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររបស់ក្រសួងយុត្តិធម៌វាយតម្លៃហានិភ័យសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារវាយតម្លៃភាពគំរាមកំហែង នៅក្នុងម៉ូឌុលទី១ នៃការវាយតម្លៃថ្នាក់ជាតិស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ កិច្ចប្រជុំមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងយុត្តិធម៌, ចៅក្រម ព្រះរាជអាជ្ញានៃសាលាជម្រះក្តីដែលមានការពាក់ព័ន្ធ រួមជាមួយតំណាងក្រសួង ស្ថាប័នដែលទទួកបន្ទុកកិច្ចការប្រឆាំងការសម្អាតប្រាក់រួមមាន ក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន អគ្គស្នងការដ្ឋាននគរបាលជាតិ គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អង្គភាពប្រឆាំងអំពើពុករលួយ ធនាគារជាតិនៃកម្ពុជា អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និយ័តករមូលបត្រកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និយ័តករគណនេយ្យ និងសវនកម្ម សរុបប្រមាណ ៧០នាក់។ សូមបញ្ជាក់ថា កិច្ចប្រជុំវាយតម្លៃហានិភ័យថ្នាក់ជាតិនេះ ជាកិច្ចប្រជុំអន្តរក្រសួង ស្ថាប័នលើកទី១ ដែលត្រូវបានធ្វើឡើងបន្ទាប់ពីមានការកែសម្រួលសមាសភាពក្រុមការងាររបស់ក្រសួងយុត្តិធម៌ តាមរយៈសេចក្តីសម្រេចលេខ ២៤ កយ.សសរ/២៤ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ស្តីពីការបង្កើតក្រុមការងាររបស់ក្រសួងយុត្តិធម៌វាយតម្លៃហានិភ័យសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ក្នុងគោលបំណងពិនិត្យ ពិភាក្សា និងប្រមូលធាតុចូល ដើម្បីរៀបចំរបាយការណ៍រួមសម្រាប់កម្ពុជាស្តីពីវាយតម្លៃហានិភ័យថ្នាក់ជាតិពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់។