នាព្រឹកថ្ងៃអង្គារ ១៥ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤, ដោយទទួលបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង យុត្តិធម៌ និងជាប្រធាន អ.ដ.ក. , អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. សហការជាមួយវិទ្យាស្ថានអាស៊ីសម្រាប់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បាន រៀបចំវគ្គបណ្តុះបណ្តាលខ្លី ស្តីពី "ជំនាញ និងដំណើរការសម្រុះសម្រួលវិវាទ"។ កម្មវិធី បេីកវគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញ ចូលរួមជាគណៈអធិបតីពីសំណាក់លោកជំទាវ ជា វាសនា សមាជិកនៃ អ.ដ.ក., ឯកឧត្តម មាស សុកែវ សមាជិកនៃ អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត អគ្គលេខាធិការនៃ អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងលោក Ricky Tan Seng Cheong នាយកនៃវិទ្យាស្ថានអាស៊ីសម្រាប់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងសម្រាប់រយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២៤) ដែលមានសិក្ខាកាមចូលរួមជាថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. សរុប ចំនួន ៣២ រូប។ សូមបញ្ជាក់ថា ការរៀបចំនូវវគ្គបណ្តុះបណ្តាល នេះ គឺជាផ្នែកមួយនៃផែនការការងាររបស់ អ.ដ.ក. ក្នុងការកសាងធនធានមនុស្ស សំដៅលើកកម្ពស់សមត្ថភាពជំនាញវិជ្ជាជីវៈរបស់មន្ត្រីនៃអគ្គលេខាធិការដ្ឋាន ពិសេស មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ឱ្យកាន់តែទូលំទូលាយ និងអាចយកទៅអនុវត្តក្នុងការងារដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធិភាពខ្ពស់។