នារសៀលថ្ងៃអង្គារ ១ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤, ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន អនុប្រធានប្រចាំការនៃ អ.ដ.ក. អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយ លោកស្រី Ito Mizuki តំណាងអង្គការ JICA ប្រចាំកម្ពុជា។ កិច្ចប្រជុំពិភាក្សានេះ មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ជា វាសនា សមាជិក អ.ដ.ក., ឯកឧត្តម ឃ្លោក ដារ៉ា សមាជិក អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត សមាជិក អ.ដ.ក. និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងលោក យន់ សុវណ្ណរ៉ា ប្រធាននាយកដ្ឋានស្រាវជ្រាវ បច្ចេកទេស និងកិច្ចការច្បាប់ ព្រមទាំងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក.។ កិច្ចប្រជុំនេះ ត្រូវបានពិភាក្សាលើរបៀបវារៈសំខាន់ៗ ចំនួន ៣ ដូចខាងក្រោម៖ ទី១-ស្វែងយល់បន្ថែមអំពីគោលបំណងនៃការរៀបចំយន្តការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពិសេសដំណេីរការ សម្រុះ សម្រួលវិវាទរបស់ អ.ដ.ក. ទី២-កិច្ចសហការក្នុងការរៀបចំសិក្ខាសាលា ឬ ទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍នៅប្រទេសជប៉ុន សម្រាប់ថ្នាក់ដឹកនាំនៃ អ.ដ.ក. ទី៣-កិច្ចសហការក្នុងការរៀបចំវគ្គបណ្តុះបណ្តាល សម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.។