(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ពាណិជ្ជកម្ម ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង ជា សមាជិកនៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប.) បានចូលរួមកិច្ចប្រជុំលើកទី១៣ របស់គ.ក.ប.។ កិច្ចប្រជុំ លើកទី១៣នេះ ស្ថិតក្រោម អធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជា ប្រធាន នៃគ.ក.ប. ដោយមានការ ចូលរួមពីតំណាងក្រសួងទាំង១៨ ដែលជាសមាជិកនៃ គ.ក.ប.។ គោលបំណងនៃកិច្ចប្រជុំនេះគឺ៖
១- ដើម្បីពិនិត្យនិងសម្រេចលើសេចក្តី ព្រាងរបាយការណ៍និងសម្រេចលើសេចក្តីព្រាងរបាយការណ៍ ស្តីពី លទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់ គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា
២- ដើម្បីពិភាក្សាលើ សកម្មភាព ដែលត្រូវអនុវត្តក្រោមគោលនយោបាយជាតិស្តីពីកម្មសិទ្ធិ បញ្ញា ឆ្នាំ២០២៣-២០២៨ និងវឌ្ឍនភាពការងារនិងយន្តការវាយតម្លៃ និង
៣-ដើម្បីពិនិត្យ និងពិភាក្សាលើការអនុវត្តបន្តក្នុងការរៀបចំច្បាប់ស្តីពី ការសម្ងាត់ពាណិជ្ជកម្ម ដាច់ដោយឡែកពីសេចក្តីព្រាងច្បាប់ស្តីពី ការសម្ងាត់ពាណិជ្ជកម្មនិងព័ត៌មានមិនបង្ហាញ។
ជាលទ្ធផល អង្គប្រជុំបានសម្រេច និងឯកភាពជាគោលការណ៍លើសេចក្តី ព្រាង របាយការណ៍បូកសរុបលទ្ធផលការងារកម្មសិទ្ធិបញ្ញាឆ្នាំ២០២៣ និង ទិសដៅការងារឆ្នាំ២០២៤របស់គណៈកម្មាធិការជាតិគ្រប់គ្រង កម្មសិទ្ធិបញ្ញា ដើម្បីគោរពរាយការណ៍ជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។