នារសៀលថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ២:៣០នាទីរសៀល នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាសមាជិកនៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា(គ.ប.ក.) ជាចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការជាតិ ក្រោមអធិបតីភាព ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ជាអនុប្រធានអចិន្ត្រៃយ៍នៃគ.ប.ក. និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម និងជាប្រធាន គ.ប.ក.។ កិច្ចប្រជុំលើកទី៣ របស់ គ.ប.ក. នេះ មានរបៀបវារៈចំនួន២ ដែលរួមមាន៖ ១- សេចក្តីព្រាងសេចក្តីសម្រេចស្តីពី លក្ខខណ្ឌនិងនីតិវិធីនៃការស្នើសុំការអនុញ្ញាតលើកលែងក្រោមច្បាប់ស្តីពីការប្រកួតប្រជែង និង ២- សេចក្តីព្រាង សេចក្តីសម្រេចស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃគោលការណ៍អនុគ្រោះ ក្រោមច្បាប់ស្តីពីការប្រកួតប្រជែង។ ជាលទ្ធផល អង្គប្រជុំបានឯកភាពជារួមលើខ្លឹមសារកែសម្រួលនៃសេចក្ដីសម្រេចស្ដីពីលក្ខខណ្ឌនិង នីតិវិធី នៃការ ស្នើសុំការអនុញ្ញាតលើកលែងក្រោមច្បាប់ស្តីពីការប្រកួតប្រជែង ព្រមទាំងឯកភាព ក្នុងការទទួលធាតុចូលបន្ថែម លើឯកសារនេះ ត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ តាមរយៈការបញ្ជូនធាតុចូលទាំងនោះ មកលេខាធិការដ្ឋាន ក្នុង ការសម្របសម្រួលនិងកែសម្រួល ដើម្បីដាក់ជូនលោកជំទាវរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គ.ប.ក. ពិនិត្យ សម្រេច និងចុះហត្ថលេខាតាមនីតិវិធី។