ទីស្តីការក្រសួងយុត្តិធម៌៖ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញមកដល់របស់ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី មកកាន់ទីស្តីការក្រសួងយុត្តិធម៌។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចបន្ទាប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សាទៅលើវឌ្ឍនភាពទំនាក់ទំនងទ្វេភាគីកម្ពុជា និងរុស្ស៊ីលើផ្នែកនីតិកម្ម ជាពិសេសការសម្រេចឱ្យបាននូវសន្ធិសញ្ញាស្ដីពីការផ្ទេរទណ្ឌិត រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ដើម្បីបំពេញបន្ថែមលើសន្ធិសញ្ញាទ្វេភាគីចំនួន ២ ផ្សេងទៀតដែលមានស្រាប់គឺ សន្ធិសញ្ញាទ្វេភាគីស្ដីពីបត្យាប័ន និងសន្ធិសញ្ញាទ្វេភាគីស្ដីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ សំដៅធ្វើឱ្យកិច្ចសហប្រតិបត្តិការ ផ្នែកច្បាប់រវាងប្រទេសទាំងពីរកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានបង្កើតឱ្យមានយន្តការរួមមួយក្នុងការទំនាក់ទំនងគ្នា រវាងក្រសួងយុត្តិធម៌ និងស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា ដើម្បីឱ្យការអនុវត្តកិច្ចសហប្រតិបត្តិការផ្នែកច្បាប់កាន់តែមានប្រសិទ្ធភាព។ ជាកិច្ចបញ្ចប់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានជូនពរឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ឱ្យមានសុខភាពល្អ និងបន្តទទួលបានជោគជ័យថ្មីៗបន្ថែមទៀតក្នុងការបំពេញមុខងាររបស់ខ្លួន។