នារសៀលថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ២:៣០នាទីរសៀល នៅសាលប្រជុំអង្គរវត្ត នៃទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់(គ.ជ.ក.ប.) បាន ចូលរួមកិច្ចប្រជុំលើកទី៣(វិសាមញ្ញ) នៃគណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ការពារ អ្នកប្រើប្រាស់។ កិច្ចប្រជុំលើកទី៣នេះ បានសម្រេចលទ្ធផល ដូចខាងក្រោម៖
១- បញ្ហាពាក់ព័ន្ធនឹងសេចក្តីណែនាំលេខ១៨ អយក.សណន ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ របស់ ក្រសួងអប់រំ យុវជន និងកីឡា គ.ជ.ក.ប. សម្រេចថាត្រូវបានលើកយកមកពិភាក្សាចង្អៀតរវាង ក្រុមការងារ បច្ចេកទេស នៃ ក្រសួង ពាក់ព័ន្ធសិន មុននឹងដាក់ចូលក្នុងកិច្ចប្រជុំ គ.ជ.ក.ប. ដើម្បីពិនិត្យ ពិភាក្សា ស្វែងរក ដំណោះស្រាយ ដោយផ្អែក លើកត្តា សុខភាពសាធារណៈ នយោបាយ និងច្បាប់/បច្ចេកទេស។ ក្នុងអង្គប្រជុំនេះ តំណាងក្រសួង អប់រំ យុវជន និងកីឡា ក៏បានស្នើសូមបញ្ចូលបេក្ខភាពរបស់ក្រសួងគាត់ទៅក្នុងសមាសភាពនៃ គ.ជ.ក.ប. ផងដែរ។
២-បានពិនិត្យ ពិភាក្សា និងអនុម័តទៅលើសេចក្តីព្រាងប្រកាសស្តីពីការអនុវត្តមិនសុចរិត ពាក់ព័ន្ធនឹង ការផ្សាយពាណិជ្ជកម្ម និងការជំរុញការលក់ ដោយសំឡេងឯកច្ឆ័ន្ធនៃសមាសភាព គ.ជ.ក.ប. ដែលមានវត្តមាន ចូលរួម ៩/៩។