នារសៀលថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៤ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោកស្រី IWAMA Nozomi អគ្គនាយិការងក្រុមអភិបាលកិច្ច នៃអគ្គនាយកដ្ឋានអភិបាលកិច្ច និងកសាងសន្តិភាព នៃទីស្នាក់ការកណ្ដាល JICA បានដឹកនាំកិច្ចប្រជុំ គណៈកម្មការសម្របសម្រួលចម្រុះ (JCC) លើកទី២ នៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ ដោយបានបង្ហាញអំពីសមិទ្ធផលនៃគម្រោង និងផែនការសកម្មភាពប្រចាំឆ្នាំ ២០២៤-២០២៥ និងពិភាក្សាលើរបៀបវារៈចំនួន៤គឺ៖
១- ការបូកសរុប និងបង្ហាញអំពីលទ្ធផលការងារប្រចាំឆ្នាំដែលសម្រេចបាន ព្រមទាំងបញ្ហាប្រឈមនានា
២- ការពិភាក្សាពាក់ព័ន្ធនឹងសមិទ្ធផល និងផែនការសកម្មភាពប្រចាំឆ្នាំ
៣- ទិសដៅការងារបន្តសម្រាប់ការអនុវត្តគម្រោងនៅឆ្នាំបន្ទាប់
៤- កិច្ចការផ្សេងៗ។
កិច្ចប្រជុំនេះ មានការចូលរួមផងដែរពី ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌, ឯកឧត្តម បណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានបណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជា, ឯកឧត្តម តាន់ ហ៊ាងដាវ័ណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌, តំណាងក្រសួងយុត្តិធម៌ជប៉ុន, តំណាងស្ថានទូតជប៉ុននៅកម្ពុជា, តំណាងការិយាល័យ Jica នៅកម្ពុជា, អ្នកជំនាការ ទីប្រឹក្សា និងសាស្រ្តាច្បាប់របស់ជប៉ុន រួមទាំងសមាជិកក្រុមការងារអនុវត្តគម្រោង និងក្រុមការងារបច្ចកទេស សរុបចំនួន ៦០ រូប ។