ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀល ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជួប ឯកឧត្តម W. PATRICK MURPHY ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារមួយចំនួនសំដៅពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការអនុវត្តច្បាប់រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ឱ្យកាន់តែប្រសើរឡើង។ នៅក្នុងជំនួបនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវអំណរគុណទៅវិញទៅមក ចំពោះជោគជ័យនៃកិច្ចសហប្រតិបត្តិការក្នុងចំណោមមន្ត្រីអនុវត្តច្បាប់នៃប្រទេសទាំងពីរ នាពេលកន្លងមក។ ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាលើការងារមួយចំនួនទៀត ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។