បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ នាព្រឹកថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដោយទទួលការចាត់តាំងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា អញ្ជើញដឹកនាំដំណើរការនៃការប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជី ជំនាន់ទី៩ ដំណាក់កាលវិញ្ញាសាសួរផ្ទាល់មាត់។ ការប្រឡងប្រជែងវិញ្ញាសាសួរផ្ទាល់មាត់សម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជីនេះ នឹងត្រូវធ្វើរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ និងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លើវិញ្ញាសារចំនួន ២ រួមមាន ជំនាញស្តាប់និងកត់ត្រា និងវប្បធម៌ទូទៅ (ពាក់ព័ន្ធវិស័ច្បាប់ និងយុត្តិធម៌)។ ការប្រឡងនេះមានបេក្ខជនចូលរួមសរុបចំនួន ១៥០រូប ដែលជាបេក្ខជនទទួលបានជ័យលាភីនៅដំណាក់កាលវិញ្ញាសាសរសេរ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។ សូមបញ្ជាក់ថា កិច្ចដំណើរនៃការប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជី ជំនាន់ទី៩ នេះ ក៏ដូចជាការប្រឡងវិជ្ជាជីវៈតុលាការផ្សេងទៀតនៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា គឺមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, សមាជិកក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ជាពិសេស មានការចូលរួមសង្កេតការណ៍នៅគ្រប់ដំណាក់កាលដោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU)។