នារសៀលថ្ងៃចន្ទ ១០រោច ខែជេស្ន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល រួមជាមួយនឹងក្រឡាបញ្ជី បានចុះទៅកាន់អធិការដ្ឋាន និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកលើកដែក ដើម្បីផ្សព្វផ្សាយច្បាប់ និងធ្វើកិច្ចសហការពន្លឿននីតិវិធី ដោយមានការអញ្ជើញចូលរួមពី លោក អធិការ-អធិការរង លោកមេបញ្ជាការរងខេត្ត លោកមេបញ្ជាការស្រុក-មេបញ្ជាការរងស្រុកលើកដែកផងដែរ ។ នាក្នុងឱកាសនោះ លោកព្រះរាជអាជ្ញារង បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងក្រមនីតិវិធីព្រហ្មទណ្ឌដែលមានជាអាទិ៍ដូចខាងក្រោម៖
-ការរៀបចំបញ្ជីបណ្តឹង
-ការរៀបចំបញ្ជីនៃការឃាត់ខ្លួន
-ការស៊ើបអង្កេត និងការសាងសំណុំរឿង
-កំណត់ហេតុនៃការឃាត់ខ្លួន និងការឆែកឆេរ ព្រមទាំងនិទ្ទេសដែលត្រូវមានការអនុញ្ញាតពីព្រះរាជអាជ្ញា
-ការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន និងជម្រះដីកាបង្គាប់ចាប់ខ្លួន
ក្រោយពីការធ្វើបទបង្ហាញចប់សព្វគ្រប់ លោកព្រះរាជអាជ្ញារងក៏បានសំណូមពរឲ្យ លោកអធិការ និងលោកមេបញ្ជាការស្រុក ធ្វើការបង្កើតនូវក្រុមតេឡេក្រាមរួមមួយដើម្បី ៖
-ធ្វើការរាយការណ៍អំពីបទល្មើស
-ធ្វើការរាយការណ៍ អំពីការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ
-ធ្វើការបញ្ជូន និងរាយការណ៍លើដីកាទាំងឡាយ ជាព័ត៌មានដល់សាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្ត ។
បន្ទាប់មកលោក ទិន សុចិត្រា ក៏បានពិនិត្យមើលលើសៀវភៅបញ្ជីបណ្តឹង សៀវភៅបញ្ជីនៃការឃាត់ខ្លួនរបស់នគរបាល និងកងរាជអាវុធហត្ថស្រុក ព្រមទាំងចុះមើលកន្លែងឃាត់ខ្លួនផងដែរ ។
ជាចុងក្រោយលោកតំណាងអយ្យការក៏បានប្រគល់នូវអំពូលសូឡាចំនួន៤គ្រឿង និងសៀវភៅក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ទៅដល់អធិការដ្ឋាន និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកលើកដែក ជាការទឹកចិត្តរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងអយ្យការខេត្ត សម្រាប់ជាប្រយោជន៍ដើម្បីប្រើប្រាស់ក្នុងអង្គភាពទាំងពីរ ។