ទីស្តីការក្រសួងយុត្តិធម៌៖ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូនៃឧត្តមក្រុមប្រឹក្សាសារការី ដែលដឹកនាំដោយលោកសាស្ត្រាចារ្យ Jean DELEAGE តំណាងឧត្តមក្រុមប្រឹក្សាសារការីប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងគណៈប្រតិភូនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលវិជ្ជាជីវៈសារការី ប្រទេសបារាំង ដែលដឹកនាំដោយ លោកសាស្ត្រចារ្យ Mustapha MEKKI អគ្គនាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលវិជ្ជាជីវៈសារការី ប្រទេសបារាំង។ ជំនួបសម្តែងការគួរសមនេះ ក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ និងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាប់ផ្តើមដោយការស្វាគមន៍គណៈប្រតិភូឧត្តមក្រុមប្រឹក្សាសារការីប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងគណៈប្រតិភូនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលវិជ្ជាជីវៈសារការី ប្រទេសបារាំង មកកាន់ក្រសួងយុត្តិធម៌។ ថ្លែងក្នុងជំនួបនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីតួនាទីរបស់កម្ពុជា ក្នុងការជួយជំរុញនិងលើកកម្ពស់ភាសាបារាំងនៅក្នុងតំបន់ ក្នុងឋានៈកម្ពុជាជាប្រទេសឈានមុខគេនៅក្នុងតំបន់ពាក់ព័ន្ធនឹងការនិយាយភាសាបារាំង។ ថ្មីៗនេះ, ប្រទេសកម្ពុជា និងប្រទេសបារាំង ទើបនឹងបានលើកកម្ពស់កិច្ចសហប្រតិបត្តិការមួយកម្រិតទៀតទៅជាកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសបារាំង នាពេលកន្លងទៅនេះ។ ថ្លែងក្នុងជំនួបនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យឧត្តមក្រុមប្រឹក្សាសារការី និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលវិជ្ជាជីវៈសារការី ជួយជំរុញរៀបចំច្បាប់ស្តីពីលក្ខន្តិកៈសារការី ប្រកបដោយគុណភាព និងដែលអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាពនៅក្នុងសង្គមជាក់ស្តែងរបស់កម្ពុជា និងជួយបណ្តុះបណ្តាលវិជ្ជាជីវៈសារការីកម្ពុជា ប្រកបដោយគុណភាព និងសមត្ថភាព សំដៅធានាបាននូវជំនឿទុកចិត្តរបស់សាធារណជនលើវិជ្ជាជីវៈច្បាប់មួយនេះ។ មុននឹងបញ្ចប់, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏ឆ្លៀតយកឱកាសនៃជំនួបនេះ ថ្លែងអំណរគុណចំពោះ លោកជំទាវ Béatrice BALIVET ទីប្រឹក្សាពិសេសរបស់ក្រសួងយុត្តិធម៌ ដែលតែងតែខិតខំយកអស់កម្លាំងកាយចិត្តក្នុងការជួយជ្រោមជ្រែងសម្របសម្រួលធ្វើឱ្យកិច្ចសហប្រតិបត្តិការនានាលេចឡើងចេញជារូបរាងជាបន្តបន្ទាប់ ដើម្បីជួយដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។