ទីស្តីការក្រសួងយុត្តិធម៌៖ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូនៃសាកលវិទ្យាល័យ ហ្សង់មូឡាំង លីយ៉ុង ៣ ប្រទេសបារាំង ដែលដឹកនាំដោយ លោកសាស្ត្រាចារ្យ Olivier GOUT ព្រឹទ្ធបុរសនៃមហាវិទ្យាល័យច្បាប់។ ជំនួបសម្តែងការគួរសមនេះ ក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ និងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាប់ផ្តើមដោយការស្វាគមន៍គណៈប្រតិភូនៃសាកលវិទ្យាល័យ ហ្សង់មូឡាំង លីយ៉ុង ៣ ប្រទេសបារាំង មកកាន់ក្រសួងយុត្តិធម៌ និងបានរំលឹកជូនគណៈប្រតិភូ អំពីទំនាក់ទំនងយ៉ាងស្អិតល្មួតរវាងកម្ពុជា និងបារាំង ជាពិសេស ការរួមចំណែករបស់ប្រទេសបារាំងក្នុងការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា និងការរួមចំណែករបស់កម្ពុជា ក្នុងការជួយជំរុញ និងលើកកម្ពស់ភាសាបារាំងនៅក្នុងតំបន់ ក្នុងឋានៈកម្ពុជាជាប្រទេសមានអ្នកនិយាយភាសាបារាំងច្រើន បើធៀបនឹងប្រទេសផ្សេងទៀតនៅក្នុងតំបន់។ បន្ថែមពីនេះ, ប្រទេសទាំងពីរទើបនឹងបានលើកកម្ពស់កិច្ចសហប្រតិបត្តិការមួយកម្រិតទៀតទៅជាកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសបារាំង នាពេលកន្លងទៅនេះ។ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលបារាំង ដែលតែងតែជួយដល់កម្ពុជាពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានមនុស្ស ហើយធនធានមនុស្សទាំងនោះបាននិងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ មុននឹងបញ្ចប់, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យសាកលវិទ្យាល័យ ហ្សង់មូឡាំង លីយ៉ុង ៣ បន្តជួយអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយនឹងសាកលវិទ្យាល័យនានារបស់កម្ពុជា ជាពិសេស ជាមួយបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យច្បាប់ និងយុត្តិធម៌របស់កម្ពុជាប្រកបដោយគុណភាព និងសមត្ថភាព។ ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏ឆ្លៀតយកឱកាសនៃជំនួបនេះ ថ្លែងអំណរគុណចំពោះ លោកជំទាវ Béatrice BALIVET ទីប្រឹក្សាពិសេសរបស់ក្រសួងយុត្តិធម៌ ដែលតែងតែខិតខំយកអស់កម្លាំងកាយចិត្តក្នុងការជួយជ្រោមជ្រែងសម្របសម្រួលធ្វើឱ្យកិច្ចសហប្រតិបត្តិការនានាលេចចេញជារូបរាងជាបន្តបន្ទាប់ ដើម្បីជួយដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។