នាព្រឹកថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម អ៊ួង សុភារិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមក្នុងវេទិការសាធារណៈ ស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ វេទិការសាធារណៈនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ជូនក្រសួង-ស្ថាប័ន ដៃគូរអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលពាក់ព័ន្ធ អ្នកសិក្សាស្រាវជ្រាវ និស្សិត ព្រមទាំងបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីបង្កើនប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងគណនេយ្យភាព នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។