នៅរាត្រីថ្ងៃសៅរ៍ ៨កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហ៊ានទី៦ បានអញ្ជើញដឹកនាំសមាជិកក្រុមការងារបច្ចេកទេស ដែលមានចំនួនសរុប ១៥នាក់ រួមជាមួយអ្នកជំនាញការ និងមន្ត្រីរបស់ JICA ចំនួន ៥នាក់ ដើម្បីទៅចូលរួមវគ្គបណ្តុះបណ្តាលខ្លីនៅទីក្រុងតូក្យូ ប្រទេសជប៉ុន សម្រាប់រយៈពេល ២សប្តាហ៍ គិតចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ រហូតដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤។ សូមបញ្ជាក់ផងដែរថា សកម្មភាពនៃការចូលរួមទទួលការបណ្តុះបណ្តាលរយៈពេលខ្លីនៅប្រទេសជប៉ុននាពេលនេះ គឺត្រូវបានធ្វើឡើងនៅក្រោមកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) តាមរយៈផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពដល់ក្រុមគ្រូបង្គោលរដ្ឋប្បវេណី និងសិក្សាអំពីបទពិសោធន៍ និងកិច្ចដំណើរការរបស់ប្រព័ន្ធអប់រំច្បាប់នៅប្រទេសជប៉ុន។