នៅថ្ងៃអង្គារ ៤ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ស៊ឹង សារ៉ាត អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងយុត្តិធម៌ តំណាងឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី "សិទ្ធិអំណាច ការទទួលខុសត្រូវ និងនីតិវិធីអនុវត្តថវិការបស់អង្គភាពថវិកា" ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញកិច្ចការហិរញ្ញវត្ថុ នៃអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្មីរបស់ក្រសួងយុត្តិធម៌ ក្នុងក្របខណ្ឌកម្មវិធីការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងវិស័យយុត្តិធម៌។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដោយផ្តោតសំខាន់លើប្រធានបទចំនួន ៤ រួមមាន៖
-ប្រធានបទទី១៖ ការរៀបចំគម្រោងថវិកា
-ប្រធានបទទី២៖ ការគណនាតម្រូវការចំណាយ
-ប្រធានបទទី៣៖ សិទ្ធិអំណាច ការទទួលខុសត្រូវ និងនីតិវិធីអនុវត្តថវិការបស់អង្គភាពថវិការបស់អង្គភាពថវិកា
-ប្រធានបទទី៤៖ តួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់រជ្ជទេយ្យករបុរេប្រទាន។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងមន្រ្តីជំនាញកិច្ចការហិរញ្ញវត្ថុ នៃអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្មីរបស់ក្រសួងយុត្តិធម៌ ដើម្បីបង្កើនប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងគណនេយ្យភាព នៃការអនុវត្តថវិកាក្នុងវិស័យយុត្តិធម៌ ឆ្លើយតបទៅនឹងទិសដៅនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។