ទីស្តីការក្រសួងយុត្តិធម៌៖ នៅព្រឹកថ្ងៃអង្ការ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្រសួង យុត្តិធម៌, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទទួលបន្ទុកពិនិត្យ និងផ្សព្វផ្សាយសេចក្តីសម្រេចរបស់តុលាការលើរឿងក្តីរដ្ឋប្បវេណី បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ នៃក្រុមការ ងារ ទទួលបន្ទុកពិនិត្យ និងផ្សព្វផ្សាយសេចក្តីសម្រេចរបស់តុលាការលើរឿងក្តីរដ្ឋប្បវេណី។ កិច្ចប្រជុំ នេះ មានការអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន លោក លោកស្រី ដែលជាសមាជិកនៃក្រុមការងារ ព្រមទាំងមាន ការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom ពីក្រុមអ្នកជំនាញការ JICA ប្រចាំក្រសួងយុត្តិធម៍ និងអ្នកជំនាញនៃ JICA head quarter នៅប្រទេសជប៉ុន ដែលជាដៃគូសហប្រតិបត្តិការផ្នែកបច្ចេកទេសលើកិច្ចការពិនិត្យ និងផ្សព្វផ្សាយសេចក្តីសម្រេចរបស់តុលាការលើរឿងក្តីរដ្ឋប្បវេណីផងដែរ។ កិច្ចប្រជុំនេះបានពិនិត្យ និងពិភាក្សាលើរបៀបវារៈ ចំនួន ២ រួមមាន៖
(១)-ការកំណត់អំពីវិសាលភាព និងប្រភេទនៃសេចក្តីសម្រេចផ្នែករដ្ឋប្បវេណី ដែលត្រូវជ្រើសរើស ដើម្បីធ្វើការផ្សព្វផ្សាយ។
(២)-ការកំណត់វិធីសាស្រ្ត និងបច្ចេកទេសក្នុងការពិនិត្យសេចក្តី សម្រេច ផ្នែករដ្ឋប្បវេណី ។
ឆ្លងតាមកិច្ចពិភាក្សាលេីរបៀបវារ:ដែលបានកំណត់ និងបន្ទាប់ពីបានស្តាប់មតិចូលរួមរបស់អ្នកជំនាញការ JICA និងមន្ត្រី ជំនាញ ដែលធ្លាប់បានចូលរួមអនុវត្តការងារដាក់បង្ហាញសេចក្តីសម្រេចតុលាការក្នុង រឿងក្តីរដ្ឋប្បវេណី នៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៥ កន្លងមក, ក្រុមការងារបានឯកភាព ជ្រេីសរេីសយកសេចក្តីសម្រេច ពីតាមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ តាមវិស័យជាក់លាក់ សំខាន់ ៗ មកធ្វេីការពិនិត្យ និងបានកំណត់ជាគោលការណ៍លេីវិធីសាស្រ្ត និងបច្ចេកទេសការងារដែលត្រូវអនុវត្ត ផងដែរ។