ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង ជាអនុប្រធានប្រចាំការគណៈបញ្ជាការដឹកនាំយុទ្ធនាការ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីទម្រង់ថ្មីនៃរបាយការណ៍ស្ថិតិសំណុំរឿងព្រហ្មទណ្ឌ និងសំណុំរឿងរដ្ឋប្បវេណីតាមប្រព័ន្ធអនឡាញហ៊្សូម (Zoom)

    ទីស្តីការក្រសួងយុត្តិធម៌៖ នៅថ្ងៃចន្ទ ១១រោច ខែបុស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីទម្រង់ថ្មីនៃរបាយការណ៍ស្ថិតិសំណុំរឿងព្រហ្មទណ្ឌ និងសំណុំរឿងរដ្ឋប្បវេណី សម្រាប់ដាក់អនុវត្តតាមសាលាជម្រះក្តី។ ទម្រង់របាយការណ៍ស្ថិតិសំណុំរឿងនេះ ត្រូវបានរៀបចំឡើង ដើម្បីប្រើប្រាស់ក្នុងគោលបំណងសំខាន់ ២ គឺ

(ទី១)-សម្រាប់បម្រើដល់ការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង

(ទី២)-សម្រាប់ប្រមូលធាតុចូលក្នុងការរៀបចំសន្និបាតរបស់ក្រសួងយុត្តិធម៌ដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខ។

    នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម កេង សុម៉ារិទ្ធ រួមជាមួយសហការីដែលជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងយុត្តិធម៌បានផ្សព្វផ្សាយ និងពន្យល់អំពីរបៀបប្រភេទ ទម្រង់ និងរបៀបក្នុងបំពេញទិន្នន័យក្នុងទម្រង់នៃរបាយការណ៍ថ្មីដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកានៃគណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយសំណុំរឿងនៅតាមតុលាការ, ប្រធានសាលាជម្រះក្តី និងអង្គការអយ្យការ, អគ្គលេខាធិការដ្ឋាន និងលេខាធិការដ្ឋានរដ្ឋបាលតុលាការ ព្រមទាំងចៅក្រម ចៅក្រម ព្រះរាជអាជ្ញារងមកពីបណ្តារាជធានី ខេត្ត ទូទាំងប្រទេស៕