នៅព្រឹកថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈប្រតិភូនៃគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស នុិងលើកលែងទោស បានអញ្ជើញដឹកនាំក្រុមការងារចុះទៅបំពេញបេសកកម្មនៅពន្ធនាគាររាជធានីភ្នំពេញ ពិនិត្យមើលស្ថានភាពជាក់ស្ដែងរបស់ទណ្ឌិត ដែលមានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ចាស់ជរាទ្រុឌទ្រោមខ្លាំង ពិការភាពវង្វេងវង្វាន់ និងវិបល្លាសស្មារតី ដើម្បីអនុវត្តតាមគោលការណ៍មនុស្សធម៌ស្របតាមនីតិវិធីជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។ បេសកកម្មរបស់គណៈប្រតិភូនៃគណៈកម្មការថ្នាក់ជាតិនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយក និងមន្ត្រីជំនាញនៃក្រសួងយុត្តិធម៌ និង ឯកឧត្តមអគ្គនាយករងនៃ អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ លោកប្រធានពន្ធនាគាររាជធានីភ្នំពេញ និងគ្រូពេទ្យជំនាញផងដែរ។