នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំ កិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ដើម្បី ជជែក ពិភាក្សា អំពីការងាររៀបចំផែនការធនធានមនុស្ស និងផែនការថវិកាក្នុងវិស័យយុត្តិធម៌ ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំលើ ការធ្វើ វិចារណកម្ម តាមរយៈការពិនិត្យឡើងវិញលើរចនាសម្ព័ន្ធ មុខងារ តួនាទីរបស់អង្គភាពចំណុះនៅក្នុងវិស័យយុត្តិធម៌ រួមទាំងអង្គភាពរដ្ឋបាលតុលាការរបស់សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ដោយត្រូវវិភាគមុខងារនៃអង្គភាពនីមួយៗឱ្យច្បាស់លាស់ ដើម្បីកំណត់នូវតម្រូវការធនធានមនុស្សជាក់ស្តែង និងដាក់ចេញទិសដៅកែទម្រង់ ក្នុងការរៀបចំផែនការធនធានមនុស្ស ផែនការសកម្មភាព និងកម្មវិធីការងារ សំដៅពង្រឹងសមិទ្ធផលការងារក្នុងវិស័យយុត្តិធម៌។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ ផងដែរ អំពីទិសដៅកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងវិស័យយុត្តិធម៌តាមប្រព័ន្ធ (FMIS) ដោយតម្រូវឱ្យអង្គភាពចំណុះ នៅក្នុងវិស័យយុត្តិធម៌ រៀបចំធ្វើ ផែនការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដោយម្ចាស់ការខ្លួនឯង ប្រកបដោយស្មារតីបុរេសកម្ម ដើម្បីធានាប្រសិទិ្ធភាពនៃការប្រើប្រាស់ថវិកាឱ្យចំទិសដៅការងារកែទម្រង់យុត្តិធម៌ដែលបានគ្រោងទុក ធ្វើ យ៉ាងណាឱ្យ ចេញសមិទ្ធកម្មការងារជាក់ស្តែង ប្រកបដោយភាពម្ចាស់ការ និងមានគណនេយ្យភាព៕