នាព្រឹក ថ្ងៃសុក្រ ១ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង, ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមោងឫស្សី បានអញ្ជើញជាអធិបតីក្នុងពីធី "សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អគារសិក្សាចំនួន ១ ខ្នង មាន ៣ បន្ទប់ និងសមិទ្ធផលផ្សេងៗទៀត" ក្នុងសាលាបឋមសិក្សាគីឡូលេខ៤ ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ក្នុងកម្មវិធីនាឱកាសនេះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម នូ ភា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង មន្ទីអប់រំខេត្តបាត់ដំបង ការិយាល័យជំនាញជុំវិញស្រុកមោងឫស្សី កងកម្លាំងប្រដាប់អាវុធទាំង៣* និងរដ្ឋបាលឃុំក្នុងស្រុកមោងឫស្សី ព្រមទាំងមានការចូលរួមពីសិក្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងប្រជាពលរដ្ឋក្នុងឃុំព្រៃតូច សរុបប្រមាណ ៤៥០ នាក់។
អគារសិក្សា ដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នាឱកាសនេះ ក៏មានការបំពាក់ប្រព័ន្ធអគ្គិសនី អំពូលភ្លើង កង្ហារ តុក្ការខៀន និងគ្រឿងបរិក្ខារសិក្សាគ្រប់គ្រាន់ ដែលចំណាយថវិកាសរុបប្រមាណ ៥០ ០០០ ដុល្លារអាមេរិក ដែលជាការឧបត្ថម្ភរបស់ អង្គការ Cambodian Village Fund តាមរយៈ គុណម្ចាស់ វី សុវិជ្ជា ប្រធានសាលាពុទ្ធិកៈសាកលវិទ្យាល័យសីហនុរាជ ខេត្តបាត់ដំបង។ សូមគូសបញ្ជាក់ផងដែរថា អង្គការ Cambodian Village Fund ដែលមាន លោក Bill Bamberger និងលោកស្រី Nancy Bamberger ជាសហនាយកអង្គការ បានចូលរួមចំណែកយ៉ាងសកម្មនិងសម្រេចបាននូវសមិទ្ធផលសំខាន់ៗក្នុងវិស័យអប់រំ ពិសេសក្នុងឃុំព្រៃតូចនេះចាប់តាំងពី២០១១ មកដល់បច្ចុប្បន្ននេះ រួមមាន អគារសិក្សា ចំនួន ១០ មាន ៣២ បន្ទប់ និងតារាងបាល់ទាត់ ចំនួន ១ នៅក្នុងអនុវិទ្យាល័យព្រៃតូច, សាលាបឋមសិក្សាបៀល, សាលាបឋមសិក្សាព្រៃតូច, សាលាបឋមសិក្សាដុបក្រសាំង, សាលាបឋមសិក្សាស្ទឹងចក សាលាបឋមសិក្សាគីឡូលេខ៤នេះ និងការកសាងអគារអន្ទេវាសិក កម្ពស់ ៣ ជាន់ មាន ១៥ បន្ទប់ សម្រាប់សិស្សស្នាក់នៅដើម្បីបន្តការសិក្សានៅខេត្តបាត់ដំបង ព្រមទាំងការផ្តល់អាហាររូបករណ៍សម្រាប់សិស្សក្នុងឃុំព្រៃតូចនេះសិក្សាបន្តថ្នាក់ឧត្តមសិក្សា ដែលសមិទ្ធផលទាំងនេះចំណាយថវិកាសរុប ប្រមាណ ២លាន ដុល្លារអាមេរិក។