ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំ ឧត្តមមន្ត្រីច្បាប់អាស៊ាន លើកទី២២ (22nd ASLOM) នាថ្ងៃទី២៣-២៤ ខែមករា ឆ្នាំ២០២៤ តាមប្រព័ន្ធវីដេអូ នៅទីស្តីការក្រសួងយុត្តិធម៌។

នាថ្ងៃអង្គារ និងថ្ងៃពុធ  ១៣ និង១៤ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣-២៤ ខែមករា ឆ្នាំ២០២៤ តបតាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីច្បាប់អាស៊ាន លើកទី២២ (22nd ASLOM)។ កិច្ចប្រជុំនេះមានការចូលរួមដោយប្រតិភូកម្ពុជា រួមមាន ឯកឧត្តម ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ តំណាងតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា តំណាងក្រសួងពាណិជ្ជកម្ម តំណាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា តំណាងគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា លោក អ៊ុង រដ្ឋសូរិន ប្រធាននាយកដ្ឋានកិច្ចការច្បាប់ និងកិច្ចសហប្រតិបត្តិការអាស៊ាន និងមន្ត្រីទទួលបន្ទុកនៃក្រសួងយុត្តិធម៌។ កិច្ចប្រជុំបានពិភាក្សា អនុម័ត និងផ្តល់របាយការណ៍វឌ្ឍនភាពលើរបៀបវារៈដូចខាងក្រោម៖

១. អាជ្ញាធរព័ត៌មានច្បាប់អាស៊ាន (“ALIA”)

២.របាយការណ៍ស្តីអំពីការផ្លាស់ប្តូរទស្សនកិច្ចសិក្សារបស់មន្ត្រីច្បាប់អាស៊ាន

៣. កម្មវិធីមន្ត្រីច្បាប់អាស៊ាន (“AGLOP”)

៤. របាយការណ៍ស្តីអំពីវេទិកាច្បាប់អាស៊ាន

៥. សៀវភៅស្តីពីមុខងារ និងតួនាទីរបស់ស្ថាប័នច្បាប់នៃប្រទេសសមាជិកអាស៊ាន

៦.សេរីភាវូបនីយកម្មនៃវិជ្ជាជីវៈច្បាប់នៅក្នុងបណ្តាប្រទេសសមាជិកអាស៊ាន

៧.កិច្ចសហប្រតិបត្តិការវិស័យតុលាការរបស់ប្រទេសសមាជិកអាស៊ាន (ក្រុមប្រឹក្សាប្រធានតុលាការកំពូលអាស៊ាន - CACJ)

៨. ការសម្របសម្រួលជាមួយសមាគមច្បាប់អាស៊ាន ("ALA")

៩.ការពង្រឹងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យរដ្ឋប្បវេណី និងពាណិជ្ជកម្មក្នុងចំណោមប្រទេសសមាជិកអាស៊ាន

១០.ការវិវឌ្ឍន៍ក្នុងការពិនិត្យលើបែបបទសម្រាប់សុខដុមនីយកម្មនៃច្បាប់ពាណិជ្ជកម្មអាស៊ាន

១១. ការអភិវឌ្ឍសន្ធិសញ្ញាអាស៊ានស្តីពីបត្យាប័ន

១២. ឯកសារទស្សនាទានរបស់ម៉ាឡេស៊ីស្តីពី ការផ្ទេរទណ្ឌិតជាអន្តរជាតិរបស់អាស៊ាន និងសំណើរបស់ប្រទេសហ្វីលីពីនស្តីពី អនុសញ្ញាអាស៊ានស្តីពីការផ្ទេរទណ្ឌិត (“ACTSP”)

១៣. របាយការណ៍សន្និសីទអាស៊ានលើកទី៤ ស្តីអំពីការបង្ការបទល្មើស និងយុត្តិធម៌ព្រហ្មទណ្ឌ ("ACCPCJ")

១៤. សន្និសីទសម្របសម្រួលលើកទី១៥ សម្រាប់សហគមន៍នយោបាយ-សន្តិសុខអាស៊ាន ("15th ASCCO")

១៥. ការសម្របសម្រួល ASLOM ជាមួយស្ថាប័នវិស័យផ្សេងទៀតរបស់អាស៊ាន និងការងារ ASLOM ក្នុងអំឡុងពេលសម័យប្រជុំអន្តរកាល

១៦. បណ្ឌិត្យសភាច្បាប់អាស៊ាន និង

១៧. ផែនការការងារអាស៊ាន-ជប៉ុន ស្តីពីច្បាប់ និងយុត្តិធម៌