ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សា ២ខ្នង នៅសាលាបឋមសិក្សាព្រៃទទឹង ខេត្តកំពង់ចាម

    ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សា ២ខ្នង អគារបណ្ណាល័យ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានានៅសាលាបឋមសិក្សាព្រៃទទឹង។ ក្រៅពីបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះ ឯកឧត្តម លោកជំទាវ ឧកញ៉ា អស់លោក លោកស្រី លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និង សិស្សានុសិស្ស, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមជួយឧបត្ថម្ភជាថវិកា សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ខាងលើ ព្រមទាំងឧបត្ថម្ភជាសម្ភារៈបរិក្ខារផ្សេងៗដល់សាលាបឋមសិក្សាព្រៃទទឹងនេះផងដែរ។ ទន្ទឹមនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានជំរុញឱ្យលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស អាជ្ញាធរពាក់ព័ន្ធ ព្រមទាំងសហគមន៍ទាំងមូល ចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំ នៅសាលាបឋមសិក្សាព្រៃទទឹង ដើម្បីប្រែក្លាយសាលានេះជាសាលាគំរូមួយប្រកបដោយគុណភាព ស្របតាមបំណងប្រាថ្នារបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏ដូចជា ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ ជាពិសេស វិធានការគន្លឹះទី២ របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការលើកកម្ពស់គុណភាពអប់រំ៕