នារសៀលថ្ងៃចន្ទ ១៤ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានសហការរៀបចំកិច្ចប្រជុំពិភាក្សា ស្ដីពី “ការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទ និងការការពារហានិភ័យ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក., ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌, លោក Frederic Wandey Principal Financial Officer & Global Head, Crosscutting Initiatives and Advisory and Treasury & Mobilization Vice Presidency នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ, និងលោក ឡុង វិប៊ុនរិទ្ធ ប្រធាននាយកដ្ឋានគ្រប់គ្រងការប្តូរប្រាក់ នៃធនាគារជាតិនៃកម្ពុជា នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
កិច្ចប្រជុំពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាទៅលើទិដ្ឋភាពផ្នែកច្បាប់ពាក់ព័ន្ធនឹងទីផ្សារឧបករណ៍និស្សន្ទ ដើម្បីការពារហានិភ័យ ក្នុងគោលដៅធានាឱ្យបាននូវស្ថិរភាពហិរញ្ញវត្ថុ និងការគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។
កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃ ន.ម.ក., សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ, ក្រសួងយុត្តិធម៌, ធនាគារជាតិនៃកម្ពុជា និងអ្នកជំនាញផ្នែកច្បាប់ពីក្រុមហ៊ុនមេធាវី អេច ប៊ី អេស សរុបចំនួន ៣៥ រូប។ កិច្ចប្រជុំបានស្តាប់ និងពិភាក្សាលើបទបង្ហាញដែលជាផែនទីបង្ហាញទិសក្នុងការរៀបចំក្របខ័ណ្ឌច្បាប់ និងបទដ្ឋានគតិយុត្តដែលមានការពាក់ព័ន្ធជាអាទិ៍បញ្ហាការទូទាត់បំណុល, ក្ស័យធន, ប្រាតិភោគដោយអនុប្បទាន, ជម្រើសនៃច្បាប់អនុវត្តន៍, ជម្រើសយុត្តាធិការ និងករណីនៃច្បាប់អន្តរជាតិឯកជន។ ជារួម កិច្ចប្រជុំបានប្រព្រឹត្តទៅដោយរលូនប្រកបដោយអន្តរសកម្ម និងផ្លែផ្កាខ្ពស់។