ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ជាសមាជិកទី១ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងរបស់ឯកឧត្តម ឌិន ស៊ីវុទ្ធី ជាប្រធានសាលាដំបូងខេត្តស្ទឹងត្រែង ជំនួស ឯកឧត្តម យ៉ា ណារិន ដែលត្រូវបានតែងតាំងជាអនុប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ និងឯកឧត្តម កែវ សុធា ដែលត្រូវបានតែងតាំងជា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ជំនួសឯកឧត្តម ជេត ខេមរា ដែលត្រូវបានតែងតាំងជាអគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង, អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង, សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ, អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ, ប្រធានសាលាដំបូង ព្រះរាជអាជ្ញា ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី អាជ្ញាសាលា មន្រ្តីតុលាការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀតជាច្រើនរូប។
មានប្រសាសន៍នៅក្នុងពិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះឯកឧត្តម ឌិន ស៊ីវុទ្ធី ដែលត្រូវបានតែងតាំងជាប្រធានសាលាដំបូង និងឯកឧត្តម កែវ សុធា ដែលត្រូវបានតែងតាំងជា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ ឯកឧត្តម យ៉ា ណារិន និងឯកឧត្តម ជេត ខេមរា ដែលបានដឹកនាំសាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋខេត្តស្ទឹងត្រែង និង បានរួមចំណែកក្នុងកិច្ចការធានាថែរក្សានូវស្ថិរភាពសង្គម សន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយស្មារតីម្ចាស់ការ និង ការទទួលខុសត្រូវខ្ពស់, មានសាមគ្គីភាពផ្ទៃក្នុងល្អ និង មានកិច្ចសហការល្អជាមួយអាជ្ញាធរអនុវត្តច្បាប់នានា ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និង ការវាយតម្លៃខ្ពស់ផងដែរចំពោះ ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី អាជ្ញាសាលា និង មន្ត្រីរដ្ឋបាលតុលាការទាំងអស់ នៃសាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា ដែលបានរួមគ្នាសម្រេចបានជោគជ័យក្នុងការបំពេញភារកិច្ចរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ជាបន្តបន្ទាប់ នាពេលកន្លងមក ។
ឮឆ្លៀតក្នុងឱកាសជួបជុំគ្នាដ៏វិសេសវិសាលនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ក៏ដូចជាមន្ត្រីអនុវត្តច្បាប់ផ្សេងៗ អំពីទិសដៅការងារកែទម្រង់វិស័យយុត្តិធម៌ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នៃរដ្ឋសភានេះ។ កិច្ចការនេះ នៅតែជាអាទិភាព ដែលជាមុំមួយដ៏សំខាន់ក្នុងចំណោមមុំទាំង ៥ ដែលបង្កើតបានជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ - ដំណាក់កាលទី១។
ផ្អែកតាមការប្រគល់ភារកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល, ក្រសួងយុត្តិធម៌បាននិងកំពុងរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តវិធានការគន្លឹះទី៥ សំដៅពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ដើម្បីសម្រេចឱ្យបានចេញជាលទ្ធផលនៅក្នុងនីតិកាលទី ៧ នៃរដ្ឋសភា នូវកិច្ចការអាទិភាពគឺ (ទី១)-ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេស វិវាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន, (ទី២)-ការជំរុញ និងពន្លឿនការដោះស្រាយសំណុំរឿងក្តីនៅតាមតុលាការឱ្យបានឆាប់រហ័ស និង (ទី៣)-ការត្រួតពិនិត្យ និងការដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជា ការលើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវ ក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ។ ឆ្លើយតបនឹងការផ្តល់ទំនុកចិត្តដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី, ក្រសួងយុត្តិធម៌បានរៀបចំផែនការសកម្មភាពសម្រាប់យុទ្ធនាការសំខាន់ៗចំនួន ៣ ដែលត្រូវបានចាត់ទុកជាបទបញ្ជា និងទិសដៅការងារដ៏មុតស្រួចដែលត្រូវអនុវត្ត គឺ៖ (ទី១)-យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ, (ទី២)-យុទ្ធនាការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង (ទី៣)-យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ ជារួម យុទ្ធនាការដ៏មានសារៈសំខាន់ទាំង ៣ នេះ មានសសរស្តម្ភ ចំនួន ២ គឺ សសរស្តម្ភទី១-ការកែទម្រង់លើការដោះស្រាយវិវាទក្នុងប្រព័ន្ធតុលាការ និងសសរស្តម្ភទី២-ការកែទម្រង់លើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលសសរស្តមទាំងពីរនេះមាននៅក្នុងច្បាប់ ហើយស្របច្បាប់។ ថ្លែងក្នុងវេទិការនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ជូនអង្គពិធីអំពីគោលបំណង និងភាពចាំបាច់នានាក្នុងការដាក់ចេញនូវយុទ្ធនាការទាំង ៣ នេះ ដែលមានខ្លឹមសារសង្ខេបដូចខាងក្រោម៖
ទី១-យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ គឺជាយុទ្ធនាការដែលមានទិសដៅធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋឱ្យបានលឿន និងឆាប់រហ័ស ដែលគ្របដណ្តប់ទាំងលើរឿងក្តីរដ្ឋប្បវេណី ទាំងលើរឿងក្តីព្រហ្មទណ្ឌ និង សម្រាប់តុលាការគ្រប់ជាន់ថ្នាក់ ដោយរួមទាំងអង្គការអយ្យការផងដែរ ។
ទី២-យុទ្ធនាការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយុទ្ធនាការដែលមានលក្ខណៈស្របទៅនឹងស្ថានភាពជាក់ស្តែងនៅក្នុងសង្គម និងស្របតាមប្រពៃណីរបស់អ្នកស្រុកនៅកម្ពុជា និងមានមូលដ្ឋានគ្រឹះមួយដ៏ធំ គឺនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានពន្លត់ភ្លើងសង្គ្រាមដ៏រ៉ាំរៃ និងការបែកបាក់ជាតិ ដែលកម្ពុជាទទួលបាននូវសុខសន្តិភាពពេញបរិបូរណ៍ ឯកភាពជាតិ និងការបង្រួបបង្រួមអធិបតេយ្យភាព និងបូរណភាពទឹកដី។ យុទ្ធនាការនេះមានគោលបំណងសំខាន់ៗ ចំនួន ៤ គឺ៖ (ទី១)-ជួយកាត់បន្ថយចំនួនសំណុំរឿង និងការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះ, (ទី២)-បង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន, (ទី៣)-ធានាបាននូវភាពសុខដុមរមនាក្នុងសហគមន៍ និងសង្គមជាតិ តាមរយៈការព្យាយាមសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទនៅក្រៅប្រព័ន្ធតុលាការ និង (ទី៤)-ដំណោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សាមានភាពងាយស្រួលក្នុងការអនុវត្តដោយអាជ្ញាធរមានសមត្ថកិច្ច។ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានដាក់បញ្ចូលជារបៀបវារៈមួយ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ហើយក្នុងពេលឆាប់ៗខាងមុខនេះ អាជ្ញាធរជាតិដោះស្រាយវិវទក្រៅប្រព័ន្ធតុលាការ នេះ ត្រូវបង្កើតឡើង ក្រោយពេល ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យនេះ។ ការបង្កើតអាជ្ញាធរជាតិនេះ គឺដើម្បីបំពេញបន្ថែមលើយន្តការដែលមានស្រាប់ និងអាចឆ្លើយតបនឹងតម្រូវការរបស់ប្រជាជននៅមូលដ្ឋាន ដែលចង់បាននូវដំណោះស្រាយវិវាទមួយ និងជាដំណោះស្រាយវិវាទដែលគូភាគីវិវាទទាំងអស់អាចទទួលយកបាន ហើយអាជ្ញាធរជាតិនឹងរៀបចំឱ្យមានក្រុមចល័តចុះធ្វើការសម្រុះសម្រួលផ្សះផ្សាវិវាទរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានតែម្តង។ ទន្ទឹមនេះ, ដើម្បីធានាប្រសិទ្ធភាពខ្ពស់ក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទរបស់អាជ្ញាធរជាតិ ក្របខណ្ឌគតិយុត្តមួយច្បាស់លាស់ សម្រាប់កិច្ចដំណើរការនៃការសម្រុះសម្រួលផ្សះផ្សាវិវាទត្រូវបានកំណត់ ជាពិសេស កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ នឹងទទួលបានតម្លៃគតិយុត្តជាភស្តុតាងរឹងមាំ និងមានអានុភាពជាលិខិតអនុវត្តដូចសាលក្រម ឬសាលដីកាស្ថាពររបស់តុលាការ។
ទី៣-យុទ្ធនាការត្រួតពិនិត្យ និង ដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ មានគោលបំណងសំខាន់ៗចំនួន ៣ គឺ៖ (១)-ការបង្កើតច្រក និងយន្តការសម្រាប់ទទួលបណ្តឹងអំពីភាពមិនប្រក្រតីនៅតាមតុលាការ ដើម្បីជួយត្រួតពិនិត្យ និង ជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ពិសេស ប្រជាពលរដ្ឋក្រីក្រ និង ជនងាយរងគ្រោះក្នុងសង្គម, (២)-ការចូលរួមដោះស្រាយភាពអយុត្តិធម៌ និង ភាពមិនប្រក្រតីក្នុងប្រព័ន្ធតុលាការ សំដៅលើកកម្ពស់ភាពយុត្តិធម៌ នៅក្នុងចំណាត់ការរឿងក្តីដោយតុលាការ និង (៣)-ការលើកកម្ពស់តម្លាភាព សុចរិតភាព ភាពស្អាតស្អំ និងភាពត្រឹមត្រូវ នៅក្នុងប្រព័ន្ធតុលាការ ។ ជារួម, យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ផ្តោតការយកចិត្តទុកដាក់លើការត្រួតពិនិត្យលើគុណភាពនៃសេចក្តីសម្រេចរបស់តុលាការ និងប្រសិទិ្ធភាពនៃចំណាត់ការរឿងក្តីរបស់តុលាការ។
ជាកិច្ចបញ្ចប់, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំ និងផ្តាំផ្ញើដល់ ឯកឧត្តមប្រធានសាលាដំបូង និងឯកឧត្តមព្រះរាជអាជ្ញាថ្មី ព្រមទាំងចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្រ្តីក្នុងវិស័យយុត្តិធម៌ទាំងអស់ ដូចខាងក្រោម៖
(១)-ត្រូវពង្រឹងប្រសិទ្ធភាពចំណាត់ការសំណុំរឿង ឱ្យបានម៉ឺងម៉ាត់ តឹងរ៉ឹង ត្រឹមត្រូវ និងតម្លាភាព ជាអាទិ៍ បទល្មើសគ្រឿងញៀន, ជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ, បទល្មើសឆក់ប្លន់, ក្មេងទំនើង ដើម្បីរួមចំណែកអនុវត្ត “គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ។
(២)-នៅពេលជំនុំជម្រះក្តី ចៅក្រមត្រូវរក្សាភាពមិនលំអៀង ដោយវៀរចាកអគតិទាំង ៤ ប្រការគឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហាគតិ និងត្រូវប្រកាន់យកសុគតិធម៌ទាំង ៥ គឺ វិរិយសម្បយុត្តិ សុចរិតយុត្តិធម៌ បញ្ញត្តិគារវោ សមទណ្ឌោ និង បញ្ញាវុធវិនិច្ឆ័យ។
(៣)-ត្រូវបន្តពង្រឹងសមត្ថភាពមន្ត្រីក្រោមឱវាទ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ តាមគ្រប់មធ្យោបាយ, រៀបចំសមាសភាពមន្ត្រីដើម្បីទទួលការបណ្តុះបណ្តាលបន្ត ហើយមន្ត្រីគ្រប់រូបក្នុងវិស័យយុត្តិធម៌ ក៏ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ។
(៤)-ត្រូវពង្រឹងគុណភាពនៃការតាក់តែងសាលក្រម/សាលដីកាឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត, ត្រូវមានសំអាងហេតុ និងសំអាងច្បាប់ជាមូលដ្ឋានរឹងមាំ ងាយយល់ ច្បាស់លាស់ គ្រប់គ្រាន់ ត្រឹមត្រូវ និងយុត្តិធម៌ ជាសាលក្រម/សាលដីកាគំរូ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន ហើយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏ស្នើសុំឱ្យមន្រ្តីអនុវត្តច្បាប់ដែលមានការពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច សូមមេត្តាផ្តល់កិច្ចសហការពេញលេញ ធានាឱ្យសេចក្តីសម្រេចរបស់តុលាការត្រូវបានអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាព ដើម្បីរួមចំណែកក្នុងការពង្រឹងគោលការណ៍នីតិរដ្ឋនៅកម្ពុជា។
(៥)-ត្រូវប្រកាន់ភ្ជាប់នូវអភិក្រមដ៏ថ្លៃថ្លាទាំង ៥ របស់ សម្តេចតេជោ ហ៊ុន សែន គឺ“ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់” និងអភិក្រមទាក់ទងនឹងការកែទម្រង់ទាំង ៤ របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺ “ត្រូវមានចក្ខុវិស័យច្បាស់លាស់ មានការប្តេជ្ញាចិត្តខ្ពស់ មានការចូលរួមដោយស្មោះត្រង់ និងការលះបង់” ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន ជាពិសេស ការត្រៀមលក្ខណៈគ្រប់បែបយ៉ាង និងការបង្ហាញនូវភាពជាអ្នកដឹកនាំ ដើម្បីចូលរួមអនុវត្តយុទ្ធនាការសំខាន់ៗទាំង ៣ ដែលនឹងដាក់ចេញដោយក្រសួងយុត្តិធម៌នាពេលខាងមុខ។