នាព្រឹកថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០នាទី ឯកឧត្ដម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំប្រតិភូក្រសួងយុត្តិធម៌ ជួបប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រី តុលាការ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ។ កិច្ចប្រជុំសំណេះសំណាលនេះមានការចូលរួមជាគណៈអធិបតីពី ឯកឧត្តម អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្ត តាកែវ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវ លោកស្រី ស្មាន់ វណ្ណធីតា ប្រធាននាយកដ្ឋានក្រឡាបញ្ជី លោក ហ៊ឹម វ៉ិចតេលា ប្រធាននាយកដ្ឋានអាជ្ញាសាលា ឯកឧត្តម ទួន សុខុន ទីប្រឹក្សាអម និងសហការីនៃក្រសួងយុត្តិធម៌ លោកប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង លោក លោកស្រី និងមន្ត្រី ក្រឡាបញ្ជី សរុបចំនួន៦០រូប និងមានរបៀបវារៈចំនួន៤ដូចខាងក្រោម៖ ១. ការពិនិត្យវឌ្ឍនភាពការងារ ២. បញ្ហាប្រឈម ៣. សំណូមពរ និង ៤. យន្តការដោះស្រាយចំពោះសំណូមពរ តាមរយៈនេះ ឯកឧត្តម សួន វិសាល ក៏បាននាំមកនូវពាក្យផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដល់ថ្នាក់ដឹកនាំនៃស្ថាប័នតុលាការ មន្រ្តីក្រឡាបញ្ជីទាំងអស់ដែលមានវត្តមានក្នុងអង្គប្រជុំទាំងមូល ។ កិច្ចប្រជុំនេះទទួលបាននូវការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូង ព្រមទាំងមន្ត្រីតុលាការ ប្រកបដោយបរិយាកាសស្និទស្នាល និងរីករាយយ៉ាងក្រៃលែង រួមទាំងទទួលបានលទ្ធផលលើសពីការរំពឹងទុក។