នៅថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងយុត្តិធម៌, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ ដើម្បីពិនិត្យអំពីដំណើរការ និងរបៀបរបបការងាររបស់អគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម ទឹម សុផា អនុរដ្ឋលេខាធិការ, លោកជំទាវ សុង ឆវ័ន្ត អនុរដ្ឋលេខាធិការ និងឯកឧត្តម ប៉ែន ពេជ្រសាលី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន, ប្រធាន-អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យទាំងអស់នៃអគ្គនាយកដ្ឋាននេះ។
កិច្ចប្រជុំនេះបានដំណើរការតាមរបៀបវារ:សំខាន់ៗ ចំនួន ៣ រួមមាន៖ ១- បង្ហាញនូវផែនការយុទ្ធសាស្ត្រ ទិសដៅការងារ និងកម្មវិធីការងារជាអាទិភាពរបស់ក្រសួងយុត្តិធម៌ ២- ពិនិត្យ និងពិភាក្សាលើកិច្ចដំណើរការការងារ សមិទ្ធផលការងារ និងបញ្ហាប្រឈមក្នុងការអនុវត្តការរបស់អគ្គនាយកដ្ឋាន ៣- ណែនាំអំពីរបៀបរបបការងារ បែងចែកការទទួលខុសត្រូវ និងបណ្តាញទំនាក់ទំនងការងារ តាមឋានានុក្រមនៅក្នុងអគ្គនាយកដ្ឋាន ៤- បញ្ហាផ្សេងៗ។