នារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤:៣០ នាទី ឯកឧត្ដម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំប្រតិភូក្រសួងយុត្តិធម៌ ជួបប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីតុលាការ មកពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ និងមកពីសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ នៅសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ។
កិច្ចប្រជុំសំណេះសំណាលនេះមានការចូលរួមជាគណៈអធិបតីពី ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ ឯកឧត្តម ទី សំណាង អនុប្រធានសាលាឧទ្ធរណ៍ ឯកឧត្តម ជា វណ្ណៈ ប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ ឯកឧត្តម ឡុង ហុកម៉េង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ លោកស្រី ស្មាន់ វណ្ណធីតា ប្រធាននាយកដ្ឋានក្រឡាបញ្ជី ឯកឧត្តម ទួន សុខុន ទីប្រឹក្សាអម និងសហការីនៃក្រសួងយុត្តិធម៌ ឯកឧត្តមអគ្គលេខាធិការ សាលាឧទ្ធរណ៍ ប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង លោក លោកស្រី មន្ត្រីក្រឡាបញ្ជី និងប្រតិភូមេធាវី សរុបចំនួន៦៥រូប និងមានរបៀបវារៈចំនួន៤ដូចខាងក្រោម៖
១. ការពិនិត្យវឌ្ឍនភាពការងារ
២. បញ្ហាប្រឈម
៣. សំណូមពរ និង
៤. យន្តការដោះស្រាយចំពោះសំណូមពរ តាមរយៈនេះ ឯកឧត្តម សួន វិសាល ក៏បាននាំមកនូវពាក្យផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដល់ថ្នាក់ដឹកនាំនៃស្ថាប័នតុលាការ និងមន្រ្តីក្រឡាបញ្ជី ដែលមានវត្តមានក្នុងអង្គប្រជុំទាំងមូល និងប្រតិភូមេធាវី។ កិច្ចប្រជុំនេះទទួលបាននូវការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រធានសាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូង ព្រមទាំងមន្ត្រីតុលាការ ប្រកបដោយបរិយាកាសស្និទស្នាល និងរីករាយយ៉ាងក្រៃលែង រួមទាំងទទួលបានលទ្ធផលលើសពីការរំពឹងទុក។