សាលាយុត្តិធម្ម៖ នាថ្ងៃចន្ទ ៩កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “អគារសាលាយុត្តិធម្ម” ដែលជាទីតាំងបម្រើការងាររបស់សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងរបស់សាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី, សមាជិក-សមាជិកា ព្រឹទ្ធសភា រដ្ឋសភា, ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ, អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ, ប្រធានសាលាដំបូងរាជធានីភ្នំពេញ, ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងលោក លោកស្រីជាចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងតំណាងក្រសួង ស្ថាប័នមួយចំនួនផងដែរ។
អគារសាលាយុត្តិធម្មថ្មីនេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានបណ្តោយ ៦២ម ទទឹង ៦០ម កម្ពស់ ៨ជាន់ និងមានផ្ទៃក្រឡាសរុបប្រមាណ ២៣ ០៣៥ ម៉ែត្រការ៉េ។ ចំពោះការសាងសង់, អគារសាលាយុត្តិធម្មថ្មីនេះ ប្រើរយៈពេលសាងសង់ ២ឆ្នាំ ៦ខែ និងសាងសង់ឡើងដោយយកលំនាំតាមអគារសាលាយុត្តិធម្ម ដែលជាអតីតសាលាវិនិច្ឆ័យរបស់កម្ពុជា ក្នុងរាជព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ តាំងពីឆ្នាំ១៩២៥ ដែលបច្ចុប្បន្នប្រើប្រាស់ជាអគារទីស្តីការក្រសួងយុត្តិធម៌។