នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចូលរួមក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី៣ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នដែលមានការពាក់ព័ន្ធ រួមជាមួយនឹងតំណាងមកពីវិស័យឯកជនផងដែរ។
សូមបញ្ជាក់ថា ការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មកទល់ពេលនេះ គឺត្រូវបានធ្វើឡើងចំនួន ៣ ដំណាក់កាល រួចមកហើយ ដែលដំណាក់កាលទី១ ត្រូវបានប្រកាសដាក់ឱ្យដំណើរការកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ និងដំណាក់កាលទី២ ត្រូវបានប្រកាសដាក់ឱ្យដំណើរការកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១។ ចំពោះដំណាក់កាលទី៣ នេះ គឺមានបញ្ចូលនូវសេវាផ្តល់ព្រឹត្តិបត្រថ្កោលទោសរបស់ក្រសួងយុត្តិធម៌ ចូលទៅក្នុងប្រព័ន្ធចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យានេះផងដែរ។