ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ប៉ែន ពេជ្រសាលី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ អញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពីភស្តុតាងឌីជីថល សម្រាប់ចៅក្រម និងព្រះរាជអាជ្ញា

 

    នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌, ឯកឧត្តម ប៉ែន ពេជ្រសាលី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ បានអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពីភស្តុតាងឌីជីថល សម្រាប់ចៅក្រម និងព្រះរាជអាជ្ញា។ កម្មវិធីនេះធ្វើឡើងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈកិច្ចសហការរវាងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម និងការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក UNODC-(ROSEAP) ជាមួយក្រសួងយុត្តិធម៌ ក្រោយជំនួយគាំទ្រថវិកាពីរដ្ឋាភិបាលជប៉ុន។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដើម្បីបង្កើនសមត្ថភាពចៅក្រម និងតំណាងអយ្យការ ដែលជាអ្នកអនុវត្តផ្ទាល់លើដំណើរការស៊ើបអង្កេត ចោទប្រកាន់ និងជំនុំជម្រះក្នុងនីតិវិធីតុលាការ ក្នុងការទទួលចំណេះដឹងបន្ថែមលើទិដ្ឋភាពរួមនៃការស៊ើបអង្កេតឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញ, ឧបករណ៍សម្ភារៈដែលជនល្មើសប្រើសម្រាប់ប្រព្រឹត្តបទល្មើស ព្រមទាំងស្វែងយល់ពីហានិភ័យពាក់ព័ន្ធនឹងរូបិយប័ណ្ណគ្រីបតូ និងDarkNets និងការកេងប្រវញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត។ វគ្គបណ្តុះបណ្តាលនេះក៏បានអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ចៅក្រម តំណាងអយ្យការនៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តស្វាយរៀង, ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។