បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ នាថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មី ២ ខ្នង ដែលរួមមាន “អគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា” និង “អគាររដ្ឋបាលពហុបំណងនៃវិស័យយុត្តិធម៌” និងពិធីប្រគល់សញ្ញាបត្រជូន សិស្សចៅក្រមនិងព្រះរាជអាជ្ញា សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា សរុបចំនួន ១ ៨៣៥ នាក់។ ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី, តំណាងអង្គទូត, ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងយុត្តិធម៌ និងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ព្រមទាំងក្រសួង ស្ថាប័នមួយចំនួនផងដែរ។