រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ ប៉ែន សុេមធា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសួរ សុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅសួនឧស្សាហ៍កម្មខេមតុន ភូមិផ្សារដែកលេី ឃុំផ្សារដែក ស្រុកពញ្ញាឮ ខេត្តកណ្តាល (មកពីរោងចក្រ សហគ្រាសចំនួន១៩) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
សម្តេចបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនត្រឹមអាចរកសន្តិភាពប៉ុណ្ណោះទេថែមទាំងធានាការពារសន្តិភាពជូនប្រជាជន និងប្រទេសជាតិបានថែមទៀតផង។សម្តេចតេជោ បានរំពឹងថា រោងចក្រសហគ្រាសនីមួយៗនឹងក្លាយទៅជាកន្លែងសុខសាន្ត និងសំបូរសប្បាយ ដោយពុំមានអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន និងមិនមែនជាកន្លែងប្រណាំងម៉ូតូ។សម្តេចតេជោបានប្រាប់ដល់បងប្អូនកម្មករ-កម្មការិនីទាំងអស់ត្រូវចងចាំថា ពួកប្រឆាំង ជាពិសេសមេបក្សប្រឆាំងតែម្តងតែងតែវាយបំបែកឆ្នាំងបាយរបស់កម្មករ តាមរយៈ ធ្វើការញុះញង់ និងអំពាវនាវឲ្យបរទេសមិនទិញផលិតផលខ្មែរ និងមិនឲ្យបរទេសមកធ្វើការវិនិយោគនៅស្រុកខ្មែរ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពាវនាវដល់កម្មករ-កម្មការិនីរោងចក្រកាត់ដេរទាំងអស់រួមគ្នារក្សាសុខសន្តិភាព ដែលជាផ្នែកដ៏សំខាន់មិនអាចកាត់ថ្លៃបានសម្រាប់វឌ្ឍនភាពសង្គម និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍អោយអាជ្ញាធរគ្រប់រាជធានីខេត្តទាំងអស់ត្រូវចុះដោះស្រាយជូនដល់បងប្អូនកម្មករ-កម្មការិនីជាបន្ទាន់ នៅពេលដែលពួកគាត់មានបញ្ហាអ្វីមួយជាមួយរោងចក្រ សូមកុំបណ្តោយឲ្យពួកគាត់ឈានដល់ការឡើងដល់តុលាការ។