ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងយុត្តិធម៌ ដែលជាយុវជន ធ្វើការសំណេះសំណាល និងផ្សព្វផ្សាយអំពីការរៀបចំកម្មវិធីប្រកួតជ្រើសរើស “យុវជនវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌”

   នាព្រឹក ថ្ងៃ ព្រហស្បត្តិ៍ ៦ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ តាមការចាត់តាំងរបស់ ឯកឧត្តមរដ្ឋមន្ត្រី, ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីការរៀបចំកម្មវិធីប្រកួតជ្រើសរើស “យុវជនវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌” ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃទីស្តីការក្រសួងយុត្តិធម៌ ក្នុងគោលបំណងធ្វើការសំណេះសំណាល និងផ្សព្វផ្សាយដោយផ្ទាល់ជាមួយមន្ត្រីរាជការដែលជាយុវជន និងលើកទឹកចិត្ត ឱ្យចូលរួមកម្មវិធីប្រកួតប្រជែងនេះឱ្យបានច្រើន។

   កម្មវិធីប្រកួតជ្រើសរើស “យុវជនវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌” ត្រូវបានរៀបចំឡើងក្នុងគោលបំណង ជាការផ្តល់ឱកាស និងបំផុសស្មារតីចូលរួមរបស់យុវជនក្នុងវិស័យយុត្តិធម៌ ដែលជាមន្ត្រីរាជការមានក្របខ័ណ្ឌ ឬជាមន្ត្រីកិច្ចសន្យា ក្រឡាបញ្ជី និងអាជ្ញាសាលា ដែលកំពុងបម្រើការងារនៅគ្រប់អង្គភាពក្រោមឱវាទក្រសួងយុត្តិធម៌ ឱ្យបានបញ្ចេញនូវទេព្យកោសល្យក្នុងការនិយាយជាសាធារណៈ ព្រមទាំងសមត្ថភាព និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យយុត្តិធម៌។

   កម្មវិធីនេះ នឹងចាប់ផ្តើមទទួលពាក្យស្នើសុំចូលរួមការប្រកួត ចាប់ពីថ្ងៃទី២៥ ខែឧសភា នេះ រហូតថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ តាមបែបបទ និងលក្ខខណ្ឌ ដូចមានក្នុងសេចក្តីជូនដំណឹង និងការផ្សព្វផ្សាយរបស់ក្រសួងយុត្តិធម៌។